រដ្ឋមន្រ្ដីក្រសួងអប់រំ៖ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើរតួនាទីសំខាន់ ក្នុងការពង្រឹងគុណភាពវិស័យអប់រំកម្រិតឧត្ដមសិក្សា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន​គូស​បញ្ជាក់ថា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) ដើរតួនាទីសំខាន់​ណាស់​ក្នុងការពង្រឹងគុណភាពវិស័យអប់រំកម្រិតឧត្ដមសិក្សានៅកម្ពុជា។ នេះបើតាមក្រសួង​អប់រំ យុវជន និងកីឡា។

​ក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (ACC) នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍លើកឡើងថា ការបង្កើតអង្គភាពនីមួយៗទាមទារថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដើរទាន់សម័យកាលនីមួយៗ ទាមទារពេលវេលា ការគ្រប់គ្រង និងការចូលរួម​ទាំង​អស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ទំនុកចិត្តតែងតាំងជាអគ្គលេខាធិការ​គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា ACC។

ឯកឧត្ដម រស់ សុវាចា បានប្ដេជ្ញាចិត្តក្នុងការជំរុញ ACC ពង្រឹងការអនុវត្តគោល​ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ហើយដឹកនាំការរៀបចំ​សេចក្ដី​​ព្រាងចុងក្រោយ ផែនទីចង្អុលផ្លូវ និងផែនការយុទ្ធសាស្ត្ររបស់ ACC (២០២០-២០៣០) ដើម្បីស្នើសុំការពិនិត្យ សម្រេច ពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនេះ បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់លទ្ធភាពក្នុងនាមជាអគ្គលេខាធិការ ACC ដោយកិច្ចសហការជាវិជ្ជមាន ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រោមកិច្ចសហការរវាងគ្នា និងគ្នាក្នុងចង្កោម ACC ទាំងមូល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងចង្កោមគ្រួសារ ACC ប្រកប​ដោយកិច្ចសហការពីសំណាក់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជន និងសមាគមគ្រឹះស្ថាន​ឧត្ដមសិក្សានៅកម្ពុជាជាដៃគូយុទ្ធសាស្ត្រ។ ឯកឧត្ដមក៏បានបន្ដថា នឹងបន្ដលើកកម្ពស់​សាមគ្គី​ភាព និងសមត្ថភាព ACC ព្រមទាំងដឹកនាំ ACC គោរព ទទួល អនុវត្តន៍ សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ ១៨៨៣ សជណអវ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ ជាមួយ​គ្នានេះ ដឹកនាំACC គោរព ទទួល តាមចំណារឯកភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី​ ក្រសួងអប់រំ យុវជន និងកីឡា លើលិខិតចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ដីពីលទ្ធផល​នៃកិច្ច​ពិភាក្សា​ក្រុមការងារផ្នែកអប់រំ នៃវិស័យឯកជនលើសំណូមពរពាក់ព័ន្ធអនុវិស័យឧត្ដមសិក្សា។ ឯកឧត្ដមបានបន្ថែមថា នឹងខិតខំដឹកនាំ ACC លើកកម្ពស់ការចូលរួមពង្រឹងគុណភាពកម្ពុជា តាមគ្រប់រូបភាពដែលធ្វើបាន ក្នុងន័យឆ្លើយតបចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា២០៣០ និង២០៥០ ដោយពង្រឹងការផ្សាភ្ជាប់ផែនការប្រតិបត្តិប្រចាំឆ្នាំនីមួយៗរបស់ ACC ទៅនឹងផែនការយុទ្ធ​សាស្ត្រ​អប់រំ និងអាទិភាពកំណែទម្រង់អប់រំ៕

ដោយ រិទ្ធី