មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលរៀបចំការប្រកួតបាល់ទាត់​ និងប៉េតង់ អបអរទិវាជ័យជម្នះ៧មករា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០–មន្ទីអប់រំយុវជន និងកីឡាខេត្តកណ្តាលបានសម្រេចយក២ប្រភេទកីឡា គឺកីឡាបាល់ទាត់ និងកីឡាប៉េតង់ ដើម្បីប្រកួតដណ្តើមពានរង្វាន់អបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០២០។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានបញ្ជាក់ថា ខេត្តកណ្តាលបានសម្រេចជ្រើសរើសយក ២ប្រភេទកីឡាដែលមានប្រជាប្រិយភាពជាងគេនៅក្នុងខេត្ត គឺបាល់ទាត់ និងកីឡាប៉េតង់ ដើម្បីប្រកួតប្រជែងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩-៧ មករា ឆ្នាំ២០២០។

លោកបន្ថែមថា ខេត្តកណ្តាលតែងតែរៀបចំការប្រកួតកីឡា អបអរសាទរថៃ្ងជ័យជម្នះ៧មករា ជារៀងរាល់ឆ្នាំ ហើយមូលហេតុដោយសាយើងចង់ឱ្យយុវជននៅក្នុងខេត្តយល់ដឹងថា ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យកម្ពុជា និងជាថ្ងៃដែលបានផ្តល់កំណើតទី២សម្រាប់ប្រជាជនកម្ពុជា ហើយបាននាំមកនូវមានសិទ្ធិសេរីភាពក្នុងជីវិតរស់នៅ ដោយបានស្វែងរកនូវសុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍប្រទេសជាតិដូចបច្ចុប្បន្ន។

ប្រធានការិយាល័យរូបនេះ បានបញ្ជាក់ទៀតថា ការប្រកួតអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០២០នេះ ក្រុមចូលរួមទាំងពីរប្រភេទកីឡា យើងមិនបានបែងចែកអាយុ ឬក្រុមមកពីទីណានោះទេ ព្រោះថា ការប្រកួតប្រជែងនេះយើងបានធ្វើឡើងក្នុងន័យអបអរសាទរថ្ងៃ៧មករាប៉ុណ្ណោះ។

ការប្រកួតទាំងពីរប្រភេទកីឡានេះ ក្រៅពីការចូលរួមអបអរសាទរថ្ងៃប្រវត្តិសាស្ត្រ ក៏ជាការប្រកួតមួយ ដើម្បីចូលរួមចំណែកបំផុសធ្វើឱ្យវិស័យកីឡានៅក្នុងខេត្តកណ្តាលកាន់តែផុសផុល និងរីកចម្រើនបន្ថែមទៀត។ ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ និងគ្រោងបញ្ចប់ផ្លូវការនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋានខេត្តកណ្តាល៕

ដោយហេង ណាលីន