១៦ប្រទេសចូលរួមប្រកួតប្រជែងកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រលើកទី១ នៅប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០–ការប្រកួតកីឡាប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នៅកម្ពុជា គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយមាន ១៦ប្រទេសចូលរួមប្រកួតប្រជែង ស្មើនឹង ១៦ក្រុម ខណៈម្ចាស់ផ្ទះកម្ពុជា មាន៣ក្រុមបានចូលរួមផងដែរ។

ដោយមានការអនុញ្ញាតឱ្យរៀបចំពីរាជរដ្ឋាភិបាលកម្ពុជា, ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រលើកទី១នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា និងសហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ UCI។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានបញ្ជាក់ថា ប្រទេសចូលរួមមានចំនួន ១៦ប្រទេស ស្មើនឹង១៦ក្រុម ហើយកម្ពុជាមាន៣ក្រុម គឺក្រុមទី១- មានក្រុមប្រណាំងកង់ជម្រើសជាតិកម្ពុជា, ក្រុមទី២​-ជម្រើសជាតិកម្ពុជាឈុតធំប្រកួតជាមួយក្រុមកីឡាករមកពីប្រទេសបារំាង និងក្រុមទី៣-ជាក្រុមចម្រុះរបស់កម្ពុជា។

អគ្គលេខាធិការរូបនេះអះអាងថា ឆ្លងតាមកិច្ចប្រជុំពីវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ថ្មីៗនេះ បានឱ្យដឹងថា ក្រុមកីឡាកង់ចូលរួមក្នុងព្រឹត្តិការណ៍នេះមានចំនួន១៦ក្រុមស្មើនឹង ២០០នាក់  និងគណ:កម្មការ១៨នាក់។ បណ្តាប្រទេសចូលរួមបានចុះឈ្មោះចូលរួមរួចរាល់ចំនួន១៩ក្រុម ក្នុងនោះកម្ពុជាមាន៣ក្រុម និងប្រទេសចូលរួម មានដូចជា កីឡាករមកពីសាធារណរដ្ឋប្រជាមានិត ចិន ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយណេ អូស្ត្រាលី អាល្លឺម៉ង់ ឡាវ ហ៊្វីលីពីន វៀតណាម  និងស្រីលង្កាជាដើម។

ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ ផ្តោតសំខាន់លើ ១-ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ។ ២-ផ្សព្វផ្សាយផលិតផលទេសចរណ៍ កីឡា និងទេសចរណ៍ តាមរយៈការប្រណាំងកង់។៣-យុទ្ធសាស្ត្រក្នុងការរៀបចំព្រឹត្តិការណ៍នេះមាន២ គឺ-យុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ «កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ»។ ៤-អភិវឌ្ឍន៍ការប្រណាំងកង់កម្ពុជាឱ្យទៅជាកម្រិតខ្ពស់ ដោយថ្ងៃទី០២ ខែមករា ឆ្នាំ២០២០  គណៈប្រតិភូ និងកីឡាករ មកដល់ និងចេញទៅតារាសាគរ។ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ប្រជុំបច្ចេកទេស និងត្រួតពិនិត្យកីឡាករ។

សម្រាប់ការប្រកួតការប្រណាំងបែងចែកជា ៣ដំណាក់កាល

-ទី១: ថ្ងៃទី០៤ ខែមករា  ចេញដំណើរពីរមណីយដ្ឋានតារាសាគរ មកកោះកុង ដែលមានចម្ងាយ១៥៣,៥គីឡូម៉ែត្រ។

-ទី២: ថ្ងៃទី០៥ ខែមករា  ចេញដំណើរពីរង្វង់មូលលោកតាព្រឹទ្ធាចារ្យសាយ ភូថង ឡើងលើភ្នំបូកគោ ដែលមានចម្ងាយ ១៧២.៨គីឡូម៉ែត្រ ។

-ទី៣: ថ្ងៃទី០៦ ខែមករា ចេញដំណើរពីភ្នំបូកគោឆ្ពោះទៅខេត្តកែប មានចម្ងាយ ១៤៧.៧គីឡូម៉ែត្រ។

-ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូ និងកីឡាករ ចេញដំណើរពីខេត្តកែប មកព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

ដោយ ហេង ណាលីន