រដ្ឋបាលរាជធានីភ្នំពេញផ្ដល់ Tablets ១០៥គ្រឿង ដល់សង្កាត់ទាំង១០៥ ដើម្បីដំណើរការ គម្រោងឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រ អាយុក្រោម២ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — ការឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នឹងចាប់ អនុវត្តន៍ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ ហើយដើម្បីសម្រួលដល់ការងារនេះឱ្យបានល្អ ប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្ដល់ Tablets ចំនួន១០៥គ្រឿង ឱ្យទៅក្រុម ប្រឹក្សា សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការអនុវត្ត គម្រោង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ឱ្យមាន ប្រសិទ្ធភាព ក្រោមអធិបតីភាព លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញនាព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយ  ជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តន៍នូវកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំក្នុងគ្រួសារក្រីក្រក្នុងគោល បំណងអភិវឌ្ឍន៍ ធនធានមនុស្សចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតា រហូតដល់អាយុ ក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកជួយដោះស្រាយបញ្ហា កង្វះ អាហារូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតី ឱ្យដល់ទារក កុមារជួយលើកកម្ពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រ នៅតាមមូលដ្ឋានទូទាំង ព្រះរាជាណាចក្រកម្ពុជា។

លោកស្រី  កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការកសាងសមត្ថ ភាពមន្ត្រីអនុវត្តន៍កម្មវិធីជា ពិសេសមន្ត្រីរដ្ឋបាលសង្កាត់ និងមូលដ្ឋសុខាភិបាលសាធារណៈ ជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ភាព ជោគជ័យនៃការអនុវត្តកម្មវិធី។ ដើម្បី សម្រេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូមឱ្យលោក លោកស្រី អាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាអនុវត្តន៍កម្មវិធីឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹម សារដូចមានចែងក្នុងសៀវ ភៅប្រតិបត្តិគោលស្ដីពីការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ចាប់ពីដើម ខែមករា ឆ្នាំ២០២០ នេះតទៅ៕

ដោយ សួស សំរិត