រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ ស្តីពីការងារ និងការស្នើសុំកូតាប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២០ 

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់ ស្តីពីការងារ និងការស្នើសុំកូតាប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ ២០២០ និងសារាចរណែនាំលេខ ០៧សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការគ្រប់ គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិកត្រូនិច តាមរយៈអ៊ិនធឺណិតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា  ខេត្តព្រះសីហនុមានសន្ទុះអភិវឌ្ឍន៍លើគ្រប់ វិស័យដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ មានចំនួន ១,១៣៧គម្រោង  ទុនវិនិយោគសរុប ៥,៨៧១,៩៧៦,៩៨៥.៥០ដុល្លារ ជាពិសេសអ្នកវិនិយោគចិន ស្ថិតក្នុងលំដាប់លេខ១។ ដោយអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូយុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវាត់មួយ“ និង “ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១” របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលនូវការ ចាប់អារម្មណ៍បណ្តាក់ទុន វិនិយោគយ៉ាងច្រើនពីអ្នកវិនិយោគបរទេស។ ឯកឧត្តមបន្តថា សម្តេចអគ្គមហា សេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថវិកា ១០០លានដុល្លារ ពីថវិកាសន្សំរបស់ជាតិ និងដាក់ចេញគោលការណ៍ ស្លឹកត្នោត ខ្ចប់ស្ករត្នោត ដើម្បីស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ មានប្រវែង ៨៤.៥០៥ ម៉ែត្រ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក។

ឯកឧត្តម គួច ចំរើន បានបន្តទៀតថា  រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អនុវត្តន៍ សិទ្ធិកម្មករ និយោជិត និងសិទ្ធិសហជីព និងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។  កម្ពុជាបាន និងកំពុងអនុវត្តន៍ អនុសញ្ញាអង្គការអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះអនុសញ្ញាស្នូល សំខាន់ចំនួន៨ ដែលបានផ្តល់សច្ចាប័ន លក្ខខណ្ឌការងារ សិទ្ធិកម្មករ និយោជិត។ គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ដល់២០២៥ ជាផែនទីចង្អុល ទិសសម្រាប់អ្នកវិនិយោគ ការលើកទឹកចិត្ត និងជំរុញកំណើនផលិត កម្មរបស់ខ្លួនក្នុងនោះ រួមមានការលើក លែងពន្ធលើប្រាក់ចំណេញសម្រាប់សហគ្រាស ដែលមានលក្ខណៈសម្បត្តិ គ្រប់ គ្រាន់ (តំបន់សេដ្ឋកិច្ចពិសេស) ការបញ្ចុះថ្លៃអគ្គិសនី ថ្លៃទឹក និងកាលានុវត្តភាពផ្សេងៗ។  រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ កាលពីឆ្នាំ២០១៤ បានបង្កើតរូបមន្តគណនាប្រាក់ឈ្នួលអប្បបរិមាដែលគ្រប់ ភាគីទទួលយក និងអនុវត្តន៍ក្រោមយន្តការត្រីភាគី នៃគណៈកម្មការប្រឹក្សាការងារសម្រាប់ ពិភាក្សាដំឡើង ប្រាក់ឈ្នួលអប្បបរិមាសម្រាប់កម្មករ និយោជិត។ បង្កើតលក្ខណៈ វិនិច្ឆ័យសម្រាប់ពិចារណា ដោយផ្អែកលើកត្តាសង្គមកិច្ច និងសេដ្ឋកិច្ច និងបានកំណត់កម្មវិធី ជាក់លាក់ ក្នុងការពិភាក្សាប្រាក់ឈ្នួលប្រចាំឆ្នាំ ចាប់ផ្តើមពីត្រីមាសទី៣ បញ្ចប់នៅត្រីមាស ទី៤។ ជាក់ស្តែងឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរិមា បានដំឡើងដល់ ១៩០ ដុល្លារអាម៉េរិក ចំនួនទឹក ប្រាក់នេះ បូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត បានធ្វើឱ្យប្រាក់ប្រចាំខែ របស់កម្មករ អាចទទួលបានយ៉ាងតិច ២០៩ដុល្លារអាម៉េរិក ក្នុង ១ខែ នេះមិនទាន់បូកបញ្ចូល ប្រាក់ ឈ្នួលថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀតដែលសហគ្រាសផ្តល់ជូនដូចជា ប្រាក់តួនាទី ប្រាក់រង្វាន់ការងារ។  រាជរដ្ឋាភិបាល បានជំរុញការអនុវត្តច្បាប់ ស្តីពីរបប សន្តិសុខសង្គម បទប្បញ្ញតិ្ត នៃច្បាប់ ស្តីពីការងារដែលរួមមាន៖ របបធានា រ៉ាប់រងគ្រោះថ្នាក់ ការងារ (អនុវត្តន៍ឆ្នាំ២០០៨), របបធានារ៉ាប់រងថែទាំសុខភាព (អនុវត្តន៍ឆ្នាំ២០១៧), របបសោធននិវត្តន៍ (គ្រោងនឹងអនុវត្តន៍ពីឆ្នាំ២០២០តទៅ)។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានពង្រីកវិសាល ភាពប័ណ្ណ ប.ស.ស ទៅដល់មន្រ្តីរាជការសាធារណៈ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ (ច្បាប់ស្តីពីរបប សន្តិសុខសង្គម ត្រូវបានអនុម័តនៅចុងឆ្នាំ២០១៩នេះ) ។ ចំពោះអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិកត្រូនិច តាមរយៈអ៊ិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវបញ្ចប់សុពលភាព នៃអាជ្ញាប័ណ្ណប្រកបអាជីវកម្មល្បែងភ្នាល់ចាប់ពីឆ្នាំ២០២០តទៅ៕

ដោយ ងូ សុមុនី