លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញ បន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែម សមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងក្រុមចលនាស្រ្តី នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម។

លោកជំទាវក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ដ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រ ដល់សកម្មភាពរបស់សមាគមនារី និងក្រុមចលនាស្ត្រីកន្លងមក ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើរឱ្យលោកជំទាវ និងថ្នាក់ដឹកនាំ ដែលបានតែងតាំងក្នុងថ្ងៃនេះត្រូវអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ ប្រសិទ្ធ ភាពខ្ពស់ ដោយផ្តោតជាសំខាន់លើការងារកសិកម្ម សុខាភិបាល អប់រំ និងវិស័យផ្សេងៗ ទៀតដែលជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏ដូចជារួម ចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ផងដែរថា  នាឱកាសនោះ លោកជំទាវ ញូង ចរិយា ក៏ត្រូវបាន តែងតាំងជាប្រធានកិត្តិយសសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ត្រូវបានតែងតាំងជាប្រធាន គណៈចលនាស្រ្តីខេត្តកំពង់ចាម រួមជាមួយសមាជិការមួយចំនួនទៀត ក៏បានបំពេញបន្ថែម នៅក្នុងរចនាសម្ព័ន្ធផងដែរ៕

ដោយ សួស សំរិត