អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី្ស MVU/CSUK ជួបជុំលេងកីឡាដើម្បីរម្លឹកកម្រង​អនុស្សាវរីយ៍ ដែលធ្លាប់សិក្សាកម្សត់កម្រ នៅទឹកដីស្រុកកំចាយមារ ពីឆ្នាំ១៩៩៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី្ស (MVU/CSUK) បានរៀបចំព្រឹត្តិការណ៍​ជួបជុំប្រចាំឆ្នាំរបស់ខ្លួន ដោយមកដល់ឆ្នាំ២០១៩នេះ គឺជាពីធីជួបជុំគ្នាធ្វើរាល់ឆ្នាំមិនដែលខាន លើកទី២០ខួប២០ឆ្នាំ ដែលមានកម្មវិធីជាច្រើន ក្នុងនោះមានការប្រកួតកីឡាបាល់ទះ និង​បាល់​ទាត់ នៅទីលានកីទ្បារ Emperail  រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាតំណាង​អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី្សបានមានប្រសាសន៍ថា ការប្រកួតបាល់​ទាត់គឺមានក្រុម គោព្រៃ MVU all Stars ប្រកួតជាមួយក្រុមចចកព្រៃឆបឆា និងប្រភេទកីឡា​បាល់ទះមាន MVU all Stars សេរីA និងក្រុមចំរុះMVUជំនាន់ទី៩   ដោយមានពានរង្វាន់​ធំៗ​ចំនួន៣ គឺពានចក្រភព MVU, ពានអាណាចក្រ MVU និងពានអធិរាជ MVU ដែលក្នុងនោះ​ឆ្នាំនេះ​MVU បានទទួលពាន២ រីឯក្រុម គោព្រៃឆបឆាបានទទួលពាន១។

ឯកឧត្ដមបានលើកឡើងថា គោលបំណងចម្បងនៃការជួបជុំប្រចាំឆ្នាំនេះផ្តោត​លើ អត្ថន័យនៃដើម្បីរឹតចំណងមិត្តភាព និងភាពរីករាយជាមួយគ្នា ជាពិសេស ការរម្លឹកអនុស្សាវ​រីយ៍​ចាស់ និងបង្កើតអនុស្សាវរីយ៍ថ្មីៗ   ដែលយើងធ្លាប់បានសិក្សាកម្សត់កម្រជាមួយគ្នា នៅ​សាកល​វិទ្យាល័យវេទមហាឫសី្សកំចាយមារ បច្ចុប្បន្នជា សាកលវិទ្យាល័យជាស៊ីមកំចាយមារ CSUK ស្ថិតនៅខេត្តព្រៃវែង។ ក្រៅពីការលេងកីឡា គឺនៅពេលល្ងាចមានកម្មវិធីជួប​ជុំហូប​អាហារសាមគ្គី ដែលមានអតីតនិស្សិត២៥០នាក់ បានចូលរួម។ MVU នេះមិនត្រឹមតែ​បង្កើត ហើយត្រឹមតែការលេងកីឡាប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតជាក្រុមហ៊ុន MVU Investment ដែល​ក្នុងនោះយើងតែងតែរៃអង្គាសថវិកា ដើម្បីយកទៅជួយដល់អតីតនិស្សិត ដែលជួបបញ្ហា ហើយ​គ្រោងនឹងបង្កើតជាគំនិតថ្មី ដើម្បីជួយរួមចំណែកជួយដល់សង្គមជាតិយើងទាំងមូល​ផងដែរ។ ទន្ទឹមនេះ ក៏មានការរៀបចំបោះឆ្នោតតាមប្រព័ន្ធអេទ្បិចទ្រូនិក​ជ្រើសរើសគណៈ​កម្មការ​សមាគមថ្មី ដែលជាលទ្ធផល លោក អ៊ី កាឌុំ បានជាប់ជាប្រធានសមាគមថ្មី៕

ដោយ ហេង ណាលីន