ប្រធាន​សមាគមក្លិប​ទេសចរណ៍​ខេត្តបង្ហាញថា ចំនួន​ភ្ញៀវទេសចរមកកក់បន្ទប់ស្នាក់ នៅសម្រាប់បុណ្យឆ្លងឆ្នាំសកលនៅខេត្តសៀមរាប មាន​ចំនួនតិចជាងឆ្នាំមុន

AKP សៀមរាប ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — លោក ហ្វីលិប កៅ​ ប្រធាន​​សមាគមក្លិប​ទេសចរណ៍​ខេត្ត​សៀមរាបបាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ​ ឆ្នាំ២០១៩នេះថា បើតាមការស្ទង់មតិពីបណ្តាម្ចាស់សណ្ឋាគារនានា ដែលជា សមាជិកសមាគមក្លិប​ទេសចរណ៍ខេត្តសៀមរាប គិតត្រឹមថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៩ ចំនួន​ភ្ញៀវ ទេសចរមកកក់បន្ទប់ស្នាក់នៅ សម្រាប់បុណ្យឆ្លងឆ្នាំសកលនៅខេត្តសៀមរាបមាន​ចំនួន តិចជាងឆ្នាំមុន។

លោកបាន​បង្ហាញថា បើធៀបទៅនឹងកាលពីឆ្នាំមុននៅក្នុងរយៈពេលដូចគ្នានេះ មាន​សណ្ឋាគារជាច្រើន​ត្រូវបាន​ភ្ញៀវកក់បន្ទប់ស្នាក់នៅពេញៗអស់ ប៉ុន្តែឆ្នាំនេះ នៅមិនមាន​សណ្ឋា គារណាមួយមាន​ភ្ញៀវកក់បន្ទប់ស្នាក់នៅពេញអស់នោះទេ។ ប៉ុន្តែទោះជាយ៉ាង​នេះក្តីយើង​មិនទាន់ច្បាស់ថា ស្ថានភាព​ភ្ញៀវទេសចរចូលកម្សាន្តនៅក្នុងខេត្ត​សៀមរាប​ក្នុងពិធីបុណ្យ ឆ្លងឆ្នាំសលក២០១៩ ចូល២០២០ តិចឬច្រើននោះទេ ព្រោះភ្ញៀវ ទេសចរអាចសម្រុក ចូលមកនៅថ្ងៃទី៣០ និងថ្ងៃទី៣១នេះច្រើនក៏អាចថាបាន។

លោក ហ្វីលិប កៅ បាន​អំពាវនាវ​ឱ្យភ្ញៀវទេសចរ​ និង​ប្រជាពលរដ្ឋខ្មែរដែល​ចង់​មក កម្សាន្តសប្បាយនៅក្នុង​ឱកាសបុណ្យឆ្លង​ឆ្នាំសកលនៅខេត្តសៀមរាប​ សូម​អញ្ជើញ​មក​បាន​ដោយ​សេចក្តីរីករាយ ព្រោះមិនខ្វះបន្ទប់ស្នាក់នោះទេ ចំណែកតម្លៃស្នាក់ក៏គ្មានការ ឡើងថ្លៃដែរ។

លោក សុខ ថុល នាយករដ្ឋបាល​សាលាខេត្តសៀមរាប បាន​ឱ្យដឹង​ដែរថា ឆ្នាំនេះអាជ្ញា ធរ​ខេត្ត​បាន​រៀបចំ​តុប​តែង​លម្អសោភណភាព​ក្រុង​យ៉ាង​ស្រស់ស្អាត ដូចជានៅ​តំបន់​សួនច្បារ មុខព្រះរាជដំណាក់មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន នៅតំបន់​ផាប់ស្រ្ទីត នៅ​តំបន់ឃ្យុយូជាដើម។ ក្រៅពី​នេះ​អាជ្ញាធរ​ក៏បាន​រៀបចំសណ្តាប់ធ្នាប់ ការការ ពារសន្តិសុខ ជូន​ភ្ញៀវទេសចរ និង​ពលរដ្ឋខ្មែរដែលមកកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យ ឆ្លងឆ្នាំសកល២០១៩ ចូល២០២០នេះ ឱ្យបានល្អប្រសើរផងដែរ៕

ដោយ ឃុត សៅ