នាវាទេសចរណ៍ WESTER DAM នាំភ្ញៀវទេសចរ មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ –យោងតាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ WESTER DAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណ ៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

នាវាទេសចរណ៍ WESTER DAM មានសញ្ជាតិ NATHERLAND មានបណ្តោយប្រវែង ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៥ និង ២៧នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលនាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ២០យប់ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTER DAM  មានចំនួនប្រមាណ ៣.០០០នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ២.០៤២នាក់ ស្រី ១.០៧៦នាក់ មាន ៥១សញ្ជាតិ និងមាននាវិកចំនួន ៧៩០នាក់ ស្រី ១៣៩នាក់ និងមាន ៣៨សញ្ជាតិ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTER DAM បានធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ រមណីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ តំបន់នេសាទ (ទំនប់រលក)  ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ  ។

សូមរម្លឹកថា ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៩មក នាវាទេសចរណ៍បរទេស បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាបន្តបន្ទាប់ ដោយសារពេលនេះជារដូវប្រាំង បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តតាមផ្លូវសមុទ្រមានសុវត្ថិភាព និងផាសុកភាព  ៕

ដោយ ងូ សុមុនី