រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់​ដល់វិស័យសាសនា

AKP កំពត ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃ​យ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងឆន្ទៈជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា អភិវឌ្ឍន៍រួមគ្នា និងបំពេញឱ្យគ្នាទៅវិញមក។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងធម្មការ និង​សាសនា​នេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទិវាសាសនាពិភពលោកលើកទី១ ក្រោមប្រ​ធានបទ “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តន៍ ក្នុងប្រទេស​នៅ​​តាម​ដង​​ទន្លេមេគង្គ-ឡានឆាង” ដែលមានការយាង និមន្ត អញ្ជើញចូលរួមពីសំណាក់​ភ្ញៀវជាតិ អន្តរជាតិចំនួន២២៣អង្គ/នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកំពតឌីយាម៉ង់។ នេះបើយោង​តាម​ក្រសួងធម្មការ​ និងសាសនា។

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានមាន​ប្រសាសន៍ថា វិស័យសាសនា​បានរួមចំណែក យ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខ​សន្តិភាព សម្រាប់សង្គមជាតិទាំងមូល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តាមកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយពិភពលោក ទាំងថ្នាក់តំបន់អាស៊ាន និងអនុតំបន់ទន្លេមេគង្គ ជាពិសេសបាន​រៀបចំបើកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍ​ជានិរន្តន៍​លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសាសនាផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី​បាន ចាត់ទុកថា សន្តិភាពប្រកប​ដោយ​​និរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ត្រូវ​តែជាអាទិភាព និងដំណើរទៅមុខជាមួយគ្នា គឺយើងមិនអាចមើលរំលងចំណុចទាំងនេះបានទេ ក្នុងពេលដែលភាពមិនច្បាស់លាស់ក្នុងតំបន់ និងពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ តំបន់ទន្លេមេគង្គយើង នឹងក្លាយជាតំបន់​ដែលនឹងត្រូវឆ្លងកាត់ការសាកល្បងជាថ្មីម្តងទៀត ក្នុងកាលទេសៈនេះ យើងមិនត្រូវភ្លេចទេថា នៅក្នុងប្រវត្តិសាស្ត្រកន្លងផុតទៅមិនយូរប៉ុន្មាន តំបន់របស់យើងត្រូវបានបំផ្លិចបំផ្លាញ ខ្ទេចខ្ទាំ ដោយសារសង្រ្គាម និងការប្រកួតប្រជែងនៃមនោគមវិជ្ជា។ ឯកឧត្ដមបានបន្ដថា កម្ពុជាបាន​បើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជា​ទាំងអស់ដូច​ដែល​មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយទិវាសាសនាពិភពលោកលើកទី១ ក្រោម​ប្រធានបទ “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តន៍ ក្នុង​ប្រទេស​នៅតាមដងទន្លេមេគង្គ-ឡានឆាង” ក្នុងគោលបំណងសំខាន់គឺ ដើម្បីចែករំលែក​បទ​ពិសោធន៍ស្តីពីការគ្រប់គ្រង និងវប្បធម៌អន្តរជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តន៍​ដល់ប្រទេសនានាតាមដងទន្លេមេគង្គ។ ទន្ទឹមនេះ ជំរុញការផ្សព្វផ្សាយ ទិវាសប្តាហ៍សុខដុម​នីយកម្មអន្តរជំនឿសាសនាពិភពលោករបស់អង្គការសហប្រជាជាតិ និងទិវាសាសនាអន្តរជាតិ​ដល់​ប្រទេសនានា តាមដងទន្លេ​មេគង្គ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ និងសុខដុម​នីយកម្មអន្តរជំនឿឆ្លងកាត់ប្រទេសនានាតាមដង​ទន្លេមេគង្គ៕

ដោយ រិទ្ធី