សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសុខចិត្តទទួលយកយោបល់នៃគណបក្ស​នយោបាយដែល​មាន​យោ​បល់​ខុសគ្នាប្រសើរជាងទទួលយកការបង្គាប់បញ្ជាពីបរទេស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ក្នុងឱកាសបិទសន្និបាតបូកសរុបការងារ១៦ខែដំបូង(កញ្ញា ២០១៨-ធ្នូ ២០១៩)និងទិ​ស​​ដៅការងារ ឆ្នាំ២០២០ របស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេ​នា​ប​តី​តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចសុខចិត្តទទួលយោបល់នៃគណបក្ស​នយោ​បា​យ​ដែលមានចំណុចខុសគ្នា ប្រសើរជាជាងទទួលបទបញ្ជាពីបរទេស ឱ្យយើងធ្វើនេះ​ឬធ្វើ​នោះ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ពិតមែនហើយ មានចំណុចខ្លះដែលសម្ដេច​ធ្លាប់បាន​និ​យា​យ​នៅក្នុងអង្គប្រជុំ  ​កន្លែងខ្លះគឺទាក់ទិនជាមួយនឹងតួនាទីភារកិច្ចនៃ​តុលាការ ​កន្លែង​ខ្លះ​គឺ​ទា​ក់ទងនឹងភារកិច្ចតួនាទីរបស់ថ្នាក់នេះ ឬថ្នាក់នោះ​ ដែលត្រូវការចំណាយពេល បន្ថែម។ ​ប៉ុន្តែ​ប្រ​តិកម្មទាន់ពេលមួយចំនួន ​ដែលលើកឡើងដោយ​ថ្នាក់ដឹកនាំនៃគណបក្ស​ទាំងអស់​ក៏បាន​បង្ហា​ញ​អំពីចំណុច ដែលយើងត្រូវដោះស្រាយបន្ទាន់។​ សម្ដេចតជោបានលើក​ឡើងបន្តថា ឧ​ទា​ហរណ៍ប្រតិកម្ម​ដែលបានចេញមកពីគណបក្សយុវជនកម្ពុជា​ ទាក់ទងនឹង​ការលុបសមុទ្រ ​ឥ​​ឡូ​វនេះយើងបានបញ្ជា និងផ្ដល់ភាពម៉ឺងម៉ាត់ ​ប្រសិនបើអ្នកមិនកាយ​ចេញ​ទេ ​យើងនឹងដក​បុ​ណ្យ​​ស័ក្ដិ​ចេញពីតំណែងតែម្ដង​។ ឥឡូវនេះក៏ទទួលបានដំណឹងថា​គេបាន​កាយដី​ទាំង​នោះ​ចេ​ញ​ពី​សមុទ្រ នីតិវិធីរបស់តុលាការគឺជារឿងមួយផ្សេងទៀត ​ក៏ប៉ុន្តែឆន្ទា​នុ​សិទ្ធិរបស់​នាយ​ករដ្ឋ​ម​ន្ត្រី​​ត្រូវតែផ្ដល់ឱ្យអ្នកឯងច្បាស់ៗ​ថា ​កាយដីចេញពីសមុទ្រឱ្យអស់ ​ប្រសិនបើមិនកាយទេ​យើង​នឹ​​ងមិនទុកអ្នកឯងឱ្យនៅក្នុងជួរកងទ័ព ដែលនាំទៅដល់ការខូចកេរ្តិ៍​ឈ្មោះកងទ័ពរបស់យើង​នោះ​​ទេ។ សម្ដេចតេជោបានគូសបញ្ជាក់ថា “​ដូច្នេះចំណុចទាំងនេះ ខ្ញុំ​សុខចិត្តទទួលយក​នូវ​យោ​បល់របស់ជនជាតិយើង​បើទោះបីជាយើងមាននយោបាយ​មិនដូច​គ្នា​ ក៏ប៉ុន្តែអ្វីដែល​ជាចំ​ណុ​​ច​ដូចគ្នា​គឺចង់ឱ្យ​ប្រទេសរីកចម្រើន។​ចំណុចនេះប្រហែល​ជាវាល្អ​ជាង​ ការដែលយើង​ទទួ​ល​យកការបង្គាប់បញ្ជាពីខាងប្រកាន់ក្រៅឱ្យយើង​ធ្វើនេះធ្វើនោះ ​ដើម្បីដោះដូរជាមួយនឹង​ជំនួ​យ​​​រ​បស់គេ។​ សម្ដេចតេជោបានបន្តថា ពិតហើយនៅក្នុងដំណើរ​ការ​​នៅ​ក្នុងក្របខ័ណ្ឌនៃឧត្តម​ក្រុ​មប្រឹក្សា​មិនមែនបានសេចក្ដីថា ​គេយកឯកឧត្តម​លោកជំទាវ​មកអនុវត្តន៍គោលនយោបាយ​រប​ស់​គណបក្សប្រជាជនកម្ពុជានោះ គឺអត់ទេ គឺអនុវត្តន៍ទៅ​តាមព្រះរាជក្រឹត្យ​ដែលបានដាក់​ចេញ​ម​​ក​​ប៉ុ​ណ្ណោះ​​។ សម្ដេចតេជោបានបន្ថែមថា នៅពេលឆ្នាំ ២០២២ និង២០២៣  ក៏មិនមានការចាំបាច់ណា​នឹងតម្រូវឲ្យ​គ​ណ​បក្សទាំងអស់មកចូលរួម​សម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជន​កម្ពុជា ​ដើម្បីនឹង​ដំណើរ​កា​រ​ធ្វើការបោះឆ្នោតជ្រើស​រើស​ថ្នាក់ឃុំ សង្កាត់ រហូតដល់ការបោះឆ្នោតជ្រើសរើស​សមាជិក​ស​​ភា​ទេ។​ ពេលនោះគណ​បក្សនយោបាយ អាចប្រើសិទ្ធិគ្រប់បែបយ៉ា​ង ​ដើម្បីធ្វើការឃោសនា​ទៅតាមអ្វីដែល​ជា​ចំណង់​ចំណូលចិត្ត​ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ ​ដូច្នេះនៅទីនេះ ​អ្វីដែលគេ​មើល​ឃើញ​​គេប្រហែលជាចាត់ទុកថា​ អស់លោកគឺមករណបគណបក្សប្រជាជន​មិនមែនមា​ន​ន័​យ​ដូច្នេះទេ អ្នកគិតបែបនេះគឺខុសស្រឡះ ។ ទន្ទឹមនេះ អស់លោកនៅតែឯករាជ្យ ហើយមាន​សិទ្ធិ​ក្នុង​កា​​រ​​សួរមកកាន់រាជរដ្ឋាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា កម្ពុ​ជា​ជា​រដ្ឋ​​ប្រជាធិបតេយ្យ ​ការអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស​និង​សកលភាវូប​នី​យ​កម្មក្នុងសង្គមកម្ពុជា ​អាចការពារបាននូវសុខសន្តិភាពស្ថិរភាព និង​ទប់​ស្កាត់បាននូវការ​ប៉ុ​ន​ប៉ងជ្រៀតជ្រែកពីខាងក្រៅមកលើកិច្ចការនយោបាយផ្ទៃក្នុងកម្ពុជា ក្រោម​លេស​នៃពាក្យប្រជា​ធិបតេយ្យនិងសិទ្ធិមនុស្សបែបបរទេសនិយម។

សម្ដេចតេជោបានបន្ថែមទៀតថា លើមូលដ្ឋាននេះការចូលរួមរបស់គណបក្ស​ន​យោបាយនានាក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គឺការបង្ហាញអំពីទឡ្ហីករណ៍ជាក់​ស្ដែ​ង​អំពីការអនុវត្តប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស​របស់ប្រជាជនកម្ពុជា ​ជា​ប្រ​យោជន៍ក្នុងការកសាងសង្គមជាតិ ដែលគ្រប់គ្នារួមរស់ក្រោមដំបូលសុ​ខសន្តិភា​ពនិ​ង​សុខ​ដុមរមនា។ ​ជាមួយគ្នានេះ រវាងនិន្នាការនយោបាយខុសគ្នានេះ​គឺជាមោទនភាពជាតិ​ដែលប​ញ្ជា​ក់​ច្បាស់ថាបរិបទប្រជាធិបតេយ្យសេរីពហុបក្ស គឺ​កម្ពុជាអាចធ្វើបានដោយខ្លួនឯង​ដែ​ល​ទ​ស្ស​នៈចម្រុះខុសគ្នា អាចរួមរស់និងធ្វើការជាមួយគ្នាក្នុងក្របខ័ណ្ឌទទួលខុសត្រូវផ្សេងៗ​គ្នា ផ្អែ​ក​​លើស្មារតីគោរពនូវគោលការណ៍ពហុនិយម​ជាមួយនឹងការរិះគន់ក្នុងន័យស្ថាបនា៕ដោយ

ដោយ ជឹម ណារី