សម្ដេចតេជោ ហ៊ុន សែន មានបំណងចង់ឱ្យឧត្ដមក្រុមកប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានវត្តមានបន្តក្រោយការបោះឆ្នោតឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍ ចង់ឱ្យឧត្ដមក្រុមកប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានវត្តមានបន្តក្រោយ​ការបោះ​ឆ្នោ​​ត​ឆ្នាំ២០២៣ បើទោះបីជាព្រះរាជក្រឹត្យបានកណត់ត្រឹមមួយអាណត្តិ តែអាចស្នើ​សុំ​បន្ត​​នៅ    ​ក្បា​លម៉ាស៊ីននេះជាបន្តទៀត។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារ១៦ខែដំបូង(កញ្ញា ២០១៨-ធ្នូ ២០១៩)និងទិ​ស​​ដៅការងារ ឆ្នាំ២០២០ របស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ដោយ​សង្កេតឃើញថា​ភារ​កិ​ច្ច​​​ដែ​ល​បណ្ដាគណបក្សនយោបាយបានចូលរួមធ្វើការ​ផ្ទាល់ ជាមួយនឹង​រាជរដ្ឋាភិបាល ​ខ្ញុំមាន​បំ​ណ​ង​​​ថា ​​​ក្រោយឆ្នាំ២០២៣ យើងក៏អាចស្នើសុំបន្តនូវក្បាលម៉ាស៊ីន ​ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​​និងផ្ដល់​យោ​​បល់នេះ​តទៅទៀត​”។ សម្ដេចតេជោបានលើកឡើងថា ​បើនិយាយពីប្រសិទ្ធភាព​ និង​កិច្ច​កា​រ​ផ្ទាល់​ ដែល​អស់លោក ឯកឧត្តម លោកជំទាវបានធ្វើ​ដោយ​ផ្ទាល់​ជាមួយនឹងរាជរដ្ឋា​ភិបាល ​​គឺវាខុសគ្នា​យ៉ា​ង​ច្រើន ជាមួយនឹងសមាជិកសភា​នៃ​បក្ស​ប្រឆាំង​ ដែល​តែងលើក​តាំ​ង​សំ​​ណួរតាមរយៈរដ្ឋសភា​ មកកាន់រាជរដ្ឋាភិបាល ​មកកាន់​នាយក​រដ្ឋមន្ត្រី ​ឬមកកាន់រដ្ឋមន្ត្រី​នា​នា​។ ប៉ុន្តែឯកឧត្តម លោកជំទាវដែលនៅ​ជាសមាជិកឧត្តមក្រុម​ប្រឹក្សា​​ពិគ្រោះនិងផ្ដល់​យោ​បល់ ​គឺ​មានឱកាសធ្វើការផ្ទាល់ជាមួយនឹងបណ្ដារដ្ឋមន្ត្រី ​ធ្វើការ​ផ្ទាល់​ជាមួយនឹងនាយករដ្ឋមន្ត្រី ​ហើ​យ​ធ្វើការផ្ទាល់ជាមួយ​នឹងអាជ្ញាធរថ្នាក់ក្រោមជាតិទៀត​ផង។ សម្ដេចតេជោបានបន្តថា  ​ដូច្នេះចំណុច​ទាំ​ងនេះ ​បើទោះ​បី​ថាស្ថានភាពពហុបក្ស​មិន​មាន​​នៅក្នុងសភា ​ក៏ប៉ុន្តែស្ថានភាព​ពហុបក្សនេះ​បែ​រជាមកកៀកនឹងក្បាលម៉ាស៊ីន​អង្គការ​នីតិប្រតិបត្តិតែម្ដង។ សម្ដេចតេជោបានគូសបញ្ជាក់ថា ចំណុចនេះ​វាបានក្លាយទៅ​ជា​វប្ប​ធម៌​នៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាបក្សនយោបាយ ​ដែលវាមិនចាំបាច់ដល់​ទៅជេរប្រ​ទេច​ផ្ដា​សា​គ្នា បាន​ហៅថាជាបក្សប្រឆាំងនោះទេ។ ​ជាមួយគ្នានេះ ដូចអ្វីដែលសម្ដេចបាន​ជម្រា​បជូន​តាំ​ង​ពី​ពេ​ល​ចាប់ផ្ដើម សម្ដេចមិនពាក់ព័ន្ធជាមួយនឹងការផ្ដួចផ្ដើមគំនិត​រៀបចំនូវតួនាទីភារកិច្ច​នោះទេ ​ហើ​យ​​យើងក៏ចាប់ផ្ដើមបើកឱកាស សម្រាប់ការធ្វើប្រធានប្ដូរវេនរយៈពេលមួយ​ខែម្ដង ហើយឥឡូវគ្រប់​១​៦​ខែ គឺចាប់ផ្ដើមពីគណបក្សទីមួយឡើងវិញ។ ទន្ទឹមនេះ  មិន​ថា​គណបក្ស​ដែលមានសំឡេងភាគច្រើន ឬគណបក្សដែលមានសំឡេងភាគតិច ឬក៏​គណបក្ស​ដែ​លធំ​ឬតូចយើងអត់និយាយដល់ទេ  ​យើងនិយាយពីការ​ស្មើភាពគ្នារវាង​​គណបក្សនយោ​បា​យ​​​ទាំង​អស់។ ​ដូច្នេះបានជាគណបក្សកាន់រដ្ឋាភិបាល​ក៏មានសិទ្ធិធ្វើជាប្រធានប្តូរវេន គណ​ប​ក្ស​ដែល​មិនមានអាសនៈក្នុងសភា ប៉ុន្តែបានចូលរួមក្នុងយន្តការនេះ ក៏មានសិទ្ធិដើម្បីនឹងធ្វើប្រ​ធា​ន​​​នៅ​ក្នុងការប្ដូរវេនដូចគេដូចឯង​​បង្ហាញពីការស្មើភាពនៅក្នុងដំណើរការនៃ​គណបក្សនយោ​បា​យ​។

គួរបញ្ជាក់ដែរថា ក្នុងរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១៦ខែមកនេះ សមា​ជិ​ក​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេ​ត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាង​លើបញ្ហានានា​ដែលខ្លួនប្រ​មូ​ល​​​បានដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញ​របស់សម្តេច​តេ​ជោចំនួន៣២។ ក្នុងរយៈពេលប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោ​ប​ល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន១២លើក និងបានរៀបចំកិច្ច​ប្រ​ជុំ​ធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗ​ចំនួន១៣លើក​។​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែ​កញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះ​ឆ្នោ​ត​ជាតិអាណត្តិទី៦។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមក​ពីគណ​ប​ក្ស​​យោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះ​ឆ្នោ​ត។ ស្ថាប័ននេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌសភា ក្នុងគោល​ដៅ​លើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិ​វឌ្ឍ​សង្គមប្រកបដោយសក្តានុពល។ ក្រោយបង្កើតឡើងហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពជាបន្តបន្ទាប់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមាន​ការ​ពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ការកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា មកសាកសួរលើ​បញ្ហាមិន​ប្រ​ក្រតី​មួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះ ព្រមទាំងបានចុះ​ធ្វើ​ស​កម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លី នៅ​តាមបណ្តាខេត្តផងដែរ៕

ដោយ ជឹម ណារី