ការប្រកួតជើងឯកគុនល្បុក្កតោថ្នាក់ជាតិ ផ្តោតលើការអភិរក្ស និងអភិវឌ្ឍន៍ឈានទៅស៊ីហ្គេម ២០២៣

AKP ភ្មំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ត្រូវបានបើកឱ្យដំណើរ ការជាផ្លូវការ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលសកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុន​ដួងព្រលឹង​វប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធាន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបាន​សម្តែង​នូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាជធានី-ខេត្ត ដែលបានមកចូលរួមការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើង​ឯកថ្នាក់ជាតិឆ្នាំ២០១៩ នាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈ​សម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលក្នុងនោះ គុនល្បុក្កតោជា ប្រភេទ កីឡាប្រពៃណីមួយ នឹងដាក់បញ្ជូលក្នុងព្រឹត្តិការណ៍នោះ ដែលមានការចូលពីប្រទេស ដែលជា​សមាជិករបស់សហព័ន្ធល្បុក្កតោនៅតំបន់អាស៊ាន។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា នេះគឺ​ជារបត់ថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ប្រធានសហព័ន្ធ​កីឡា​គុនល្បុក្កតោកម្ពុជាបន្ថែមថា “យើងបានធ្វើកិច្ចការងារធំៗចំនួនពីរ គឺការ​អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ ដែលជាយុទ្ធសាស្ត្រស្នូលមួយ ក្នុងការប្រមូល​ផ្តុំនូវ​ព្រឹទ្ធាចារ្យគុន និងអ្នកចេះគុនតាមតំបន់នានាចូលរួលរួមសហការការងារ ក្នុងការផ្ទេ​រចំណេះ ដឹងដល់កូនចៅខ្មែរជំនាន់ក្រោយ ដើម្បីធ្វើឲ្យមាននិរត្តរភាពនៃក្បាច់គុនបុរាណខ្មែរ​ល្បុក្កតោ”។ ឯកឧត្ដមបានលើកឡើងទៀតថា កិច្ចការងារអភិរក្សនោះគឺ គឺសហព័ន្ធកីឡា​គុនល្បុក្ក​តោកម្ពុជាបានផ្តល់ឱកាស និងជំរុញទឹកចិត្តដល់ការប្រមូលផ្តុំ បង្កើតជាសាលាគុន ឬសមាគម នៃព្រឹទ្ធាចារ្យគុន គ្រូគុន តាមតំបន់ ឬសហគមនានារបស់ខ្លួន ដើម្បីឱ្យមានការ​ថែរក្សា​នូវទំនៀមទម្លាប់ ប្រពៃណី និងក្បាច់ស្នៀតអត្តសញ្ញាណនៃតំបន់នីមួយៗរបស់ខ្លួន ជាផ្លូវការ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ ទន្ទឹមនេះ ចំពោះកិច្ច​ការងារ​អភិវឌ្ឍន៍ គឺសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបាននឹងកំពុងពង្រីក និងពង្រឹងវិសាល​ភាពរបស់​ខ្លួន លើផ្នែកនយោបាយគ្រប់គ្រង និងផ្នែកបច្ចេកទេស ដើម្បីរៀបចំជាស្តង់ដារកីឡា​ប្រពៃណីមួយនេះ ឱ្យក្លាយទៅជាកីឡាមួយប្រភេទ អាចឱ្យមហាជនទូទៅទាំងជាតិ និងអន្តរ​ជាតិអាចចូលរបស់ហ្វឹកហាត់ និងចូលរួមការប្រកួតនានាដោយគោរពទៅតាមលក្ខខណ្ឌ​បច្ចេក​ទេស និងបទបញ្ជាការប្រកួតដែលចេញដោយសហព័ន្ធ តួយ៉ាងដូចការរៀបចំការប្រកួតជ្រើស​រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ។ ក្រៅពីនេះ សហព័ន្ធមានគោលដៅ ផ្តល់ឱកាសឱ្យ​គ្រប់​កីឡាករ កីឡាការិនីតាមសាលាគុន សមាគម សហគមន៍នានា គ្រប់រាជធានី-ខេត្ត បញ្ចេញ​សមត្ថភាពនិងវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ខ្លួន។ បំផុសចំណាប់អារម្មណ៍ ដើម្បីទាក់ទាញ យុវជន មហាជនឱ្យចួលរួមហ្វឹកហាត់ និងថែរក្សាកីឡាគុនល្បុក្កតោ។ បំផុសការផ្សព្វផ្សាយ គោលការណ៍ អភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនប្រលឹងជាតិ អត្តសញ្ញាណជាតិ វប្បធម៌ជាតិ។ ៤-ជ្រើសរើសកីឡាករកីឡាការិនីមានទេពកោសល្យល្អ និងប៉ិនប្រសព្វ ដើម្បីបំប៉នការហ្វឹក​ហាត់​ឯកទេស ជំនាញកីឡាគុនល្បុក្កតោ ឱ្យឈានដល់កម្រិតខ្ពស់។ បង្កើនបទពិសោធន៍ដល់​មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមក្នុងការប្រកួតកម្រិត​អន្តរជាតិ​នានា។ ម្យ៉ាងទៀត គឺការជំរុញស្មារតីដល់កូនក្មួយ ដែលជាកីឡាករ​ កីឡាការិនីទាំងអស់ឱ្យ​សម្លឹងទៅលើផ្លូវដ៏វែងឆ្ងាយនៃអនាគតកម្ពុជាលើកវិស័យកីឡា និងកំណត់គោលដៅរបស់​ខ្លួន​ក្នុង​ការក្លាយទៅជាអ្នកបន្តវេនដ៏ឆ្លាត់វៃ និងរឹងមាំសម្រាប់ការនាំកិត្តិយសជាតិ និងមោទន​ភាពជាតិ នៅលើឆាកអន្តរជាតិ តាមរយៈគុនល្បុក្កតោ។ តំណាងឱ្យសមាជិកប្រតិបត្តិ នៃ​សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ដូចជាព្រឹទ្ធាចារ្យគុន គ្រូគុន សិស្សគុន ឯកឧត្តម ច័ន្ទ សារុន ប្តេជ្ញាថានឹងពង្រឹងកិច្ចសហការបន្ថែមទៀតជាមួយ ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រាប និងបំផុសបន្ថែមនូវចលនាគុនល្បុក្កតោ ក្នុងវិស័យអប់រំ ដល់យុវជន ទាំងការអប់រំក្នុងប្រព័ន្ធ និង​ក្រៅប្រព័ន្ធ លើវិស័យយោធា និងវិស័យកីឡា ដើម្បីគ្រប់គ្នាបានមានឱកាស ក្នុងការ បំពេញតួនាទីជា កុលបុត្រកម្ពុជាដោយស្ម័គ្រចិត្ត ក្នុងថែរក្សាមរតកវប្បធម៌ដ៍ថ្លៃថ្លា ដែលជា​សមិទ្ធកម្មរបស់បុព្វខ្មែរសម័យកាលខាងដើម។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ​ឆ្នាំ២០១៩​នេះ​មានកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយចំនួន ២២០នាក់ មកពី២៧ក្លឹប៕

ដោយ ហេង ណាលីន