ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា កសាងព្រះវិហារវត្តតាមាន់សែនជ័យ ស្រុកបន្ទាយអំពិល

AKP ឧត្តរមានជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ព្រះវិហារវត្តតាមាន់សែនជ័យ ១ខ្នងទំហំ ១៤ម៉ែត្រ គុណ ២២ម៉ែត្រ កម្ពស់ ១២ម៉ែត្រ សរសរ ៦០ដើម ត្រូវបានបញ្ចុះបឋមសិលាកសាងព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិតាមាន់ សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមមេបញ្ជាការ  មេបញ្ជាការរងនៃកងកម្លាំងទាំង៣ប្រភេទ លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជា២៥០នាក់។

លោកឧត្តមសេនីយ៍ឯក នាគ វង្ស បានលើកឡើងថា នេះជាគំនិតផ្តួចផ្តើម របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជការកងពលតូចថ្មើរជើងលេខ៤២ និងខ្លួនលោកផ្ទាល់ រួមជាមួយកងទ័ពដែលចូលនិវត្តន៍ ប្រមូលបានថវិកាចំនួន៣៦លានរៀល ហើយនៅថ្ងៃនេះឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត រួមទាំងក្រុមហ៊ុនលឹមហេងគ្រុប បានចូលរួម កសាងនូវទឹកប្រាក់ចំនួន១០លាន រៀលបន្ថែមទៀត សរុបបានចំនួន៤៦លានរៀល។ លោកបញ្ជាក់ថា ព្រះវិហារនេះត្រូវ ចំណាយថវិកាសរុបទាំងអស់ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទើបសាងសង់រួចរាល់ ជាស្ថាពរ។ ក្នុងនាមឯកឧត្តមផ្ទាល់ក៏សូមអំពាវនាវចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី និងសប្បុរសជនជិតឆ្ងាយសូមមេត្តា ចូលរួមសាមគ្គីកសាង ចាប់មគ្គផល ជួយគ្នាទុកសម្រាប់កូនចៅទៅថ្ងៃមុខ។

ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ព្រះវិហារថ្មីនេះនឹងចាប់ ផ្តើមសាងសង់ បន្ទាប់ពីពិធីបញ្ចុះបឋមសិលា ហើយនឹងក្លាយជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធផលមួយដ៏ធំរបស់វត្តតាមាន់សែនជ័យផងដែរ និងបានឆ្លុះបញ្ចាំងឱ្យឃើញថា ស្រុកបន្ទាយអំពិល មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន លុះត្រាតែក្នុង ប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខ សន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចម្បង ក្នុងការអភិវឌ្ឍប្រទេស ហើយឯកឧត្តមក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឱ្យ នៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅយើងទំាងអស់គ្នា៕

ដោយ ទិត ស្រ៊