គម្រោងផ្សារទំនើប CHIP MONG RETAIL តម្លៃជាង៤១លានដុល្លារ ត្រូវបាន CDC  សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — គម្រោងសាងសង់ផ្សារទំនើប CHIP MONG RETAIL  CO., LTD តម្លៃ៤១,៥លាន ដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាស្ថាពរ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមទាំងគម្រោងក្រុមហ៊ុន និងរោងចក្រចំនួន៩ ផ្សេងទៀតត្រូវបានអនុម័តផងដែរ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនរួមមាន៖ ១-  “FUJIAN MEILIDA SHOES DEVELOPMENT CO., LTD” គម្រោងបង្កើតរោង ចក្រផលិតស្បែកជើងដែលមាន ទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៧៨៧ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៨,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២.៥២៥កន្លែង។ ២-  “SHENG RONG ZHI YI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមាន ទីតាំងវិនិយោគស្ថិត នៅសួនឧស្សាហកម្មចុងយ៉ា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៧៧៧កន្លែង។ ៣-  “CENTURY CREATION LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អ គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុងគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៥១០កន្លែង។ ៤-  “NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD” គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទដែលមានទីតាំង វិនិយោគស្ថិត នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគ ប្រមាណ៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២៩៤កន្លែង។ ៥- “KAMYUM FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតនំកញ្ចប់ និងស្ករគ្រាប់ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន២៧២កន្លែង។ ៦-  “JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតឥដ្ឋគ្រប់ប្រភេទដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦A ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន ៤៨៤កន្លែង។ ៧- “ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”គម្រោងបង្កើតរោង ចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិត នៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន៣០៨កន្លែង។ ៨- “JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡាដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៨៨កន្លែង។ ៩-  “CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើបដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ មានទុនវិនិយោគប្រមាណ៤១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៣៣៨កន្លែង។ ១០- “OUTDOOR GEAR (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន២.០០៩កន្លែង៕

ដោយ មៅ ចរិយា