ឯកឧត្ដម ធុន គ្រី អញ្ជើញចែកអំណោយកាកបាទក្រហម ដល់គ្រួសារក្រីក្រ និងចាស់ជរាចំនួន៤៧គ្រួសារ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចែកអំណោយជូនដល់គ្រួសារក្រីក្រ និងចាស់ជរាចំនួន៤៧គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។  

អំណោយដែលកាកបាទក្រហមកម្ពុជាខេត្តយកទៅចែកជូនដល់គ្រួសារក្រីក្រ និង ចាស់ជរាទាំង៤៧គ្រួសារនាពេលនោះ គឺមានមកពីឃុំសំបូរចំនួន១១គ្រួសារ ឃុំសណ្តាន់ ចំនួន១២គ្រួសារ ឃុំបឹងចារចំនួន១៤គ្រួសារ និងឃុំកោះខ្ញែរចំនួន១០គ្រួសារ ដែលក្នុងមួយ គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង សម្លៀកបំពាក់មួយចំនួន និងថវិកាចំនួន៤០.០០០ រៀល។

ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ ភាពកក់ក្តៅដល់បងប្អូនជានិច្ច ពិសេសក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក ពោលគឺទី ណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្ដមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឆ្លើយតបនឹងសង្គ្រោះបន្ទាន់ដល់ ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើនក្នុងបន្ទុក។ ជាងនេះទៀតគឺជួយ សង្គ្រោះនៅពេលមានគ្រោះមហន្តរាយកើតឡើង ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត៕

ដោយ ជួន សុជាតិ