រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ស្នើឱ្យក្រុមប្រឹក្សាឃុំ -សង្កាត់  ត្រូវប្រើប្រាស់ថវិកា ឆ្នាំ២០២០ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យ  ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិកា  ឆ្នាំ២០២០ ខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ថ្លែងក្នុងពិធីបិទមហាសន្និបាតសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់  កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “ខ្ញុំសូមអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបន្តផ្តោតការយកចិត្ត​ទុកដាក់​ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកាទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ដើម្បីឆ្លើយតប​ទៅ​នឹង​បញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន”។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ស្នើឱ្យសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ ការគាំទ្រ ផ្នែកបច្ចេកទេសនិងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាដល់ការ ចាត់ ចែង និងការប្រើប្រាស់ថវិកាទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ការធានានិរន្តរភាពការងាររដ្ឋ​បាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ  ដើម្បីធានាបន្តគ្រប់គ្រង ចាត់ចែងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិប្រកបដោ​យ​និរន្តរភាពតម្លាភាព និងប្រសិទ្ធភាព ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ​នានា​ជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវ​សេច​ក្តី​ណែនាំស្តីពីការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាសាធារណៈ។ សម្ដេច​ក្រឡា​ ហោមបានបន្ដថា សេចក្តីណែនាំខាងលើនេះ គ្រោងនឹងធ្វើការផ្សព្វផ្សាយដល់រដ្ឋបាលរាជ​ធានី ខេត្ត នារសៀលថ្ងៃនេះនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីឱ្យរដ្ឋបាលរាជធានី ខេត្តបន្តធ្វើ​ការ​ផ្សព្វផ្សាយណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការចាត់ចែង និងអនុវត្តន៍កិច្ចការទាំងនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការផ្ទេរធនធាន បន្ថែមពី ថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនប្រមាណជាង ៧០.០០០​ដុល្លារ ពោលគឺកើនឡើងទ្វេដង៕

ដោយ ប៊ុនរិទ្ធ