អភិបាលខេត្តបន្ទាយមានជ័យ រម្លឹកមន្ត្រីការិយាល័យច្រកចេញចូលតែមួយ ត្រូវបង្កើន​ការយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ក្រើនរម្លឹក ដោយ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញ ភារកិច្ច​ដោយត្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿនទាន់ពេល​ និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព ។

ការថ្លែងរបស់ឯកឧត្តម អ៊ុំ រាត្រី យ៉ាងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារ​ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ខែ​​ធ្នូ ឆ្នាំ២០១៩នេះ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត លើការងារ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្របទៅនឹងភាពរីកចម្រើន នៃប្រទេសជាតិនោះ។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាពច្រក​ចេញចូលតែមួយនេះឡើងគឺ​ដើម្បីជំរុញការលើកកម្ពស់ការផ្តល់សេវា​ ការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីតម្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ​និងកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តទៀតថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយមានគោលបំណងលើកកម្ពស់គុណភាព​ ប្រសិទ្ធភាព​ ប្រសិទ្ធផល​ តម្លាភាព​ និងគណនេយ្យភាព​ ក្នុងការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើ​វិស័យនានានៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញដើម្បីបង្កលក្ខណៈងាយស្រួលនិងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបន្តទៀតថា តាមរយៈនៃច្រកចេញចូល តែមួយនេះហើយដែលបានជំរុញឱ្យល្បៀនការងារទាំងឡាយ ដែលយើងបានអនុត្តន៍កន្លង មករហូត​ដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាល ក៏បាន និង​កំពុងជំរុញបន្តបង្កើតនូវច្រកចេញចូលតែមួយ នេះនៅតាមបណ្តាស្រុកខណ្ឌ ដែលមិនទាន់មានដើម្បីបម្រើសេវាជូនប្រជា​ពលរដ្ឋឱ្យ​បានលឿននោះ។​

ជាមួយនេះដែរ អភិបាលខេត្តបន្ទាយមានជ័យក៏បានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់​បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយនៅខេត្តស្រុកក្រុងដែលបានបង្កើតឡើងហើយនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់ គប្បីត្រូវប្រកាន់យក​គោលការណ៍​​សំខាន់ៗ៥យ៉ាងគឺ សាមញ្ញសីលធម៌វិជ្ជាជីវៈគណនេយ្យភាពការជឿទុកចិត្តតម្លាភាព ក្នុងការបំពេញការ ងារដោយត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍ នានា ក្នុងការអភិវឌ្ឍ គាំពារសង្គមប្រកបដោយសមធម៌និងខិតខំដោះស្រាយឆ្លើយតប រាល់សំណើ និងសំណូមពរប្រកបដោយប្រសិទ្ធភាពខ្ពស់ជូន​ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕

ដោយឈុនសារ៉ាត