គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOC លើកទិសដៅការងារផ្សព្វផ្សាយឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វ ផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានដឹកនាំកិច្ចប្រជុំសមាជិក​គណៈកម្មការ​ជំនាញ​របស់ខ្លួនប្រចាំឆ្នាំ២០១៩ ដើម្បីបន្តការអនុវត្តផែនការសម្រាប់ឆ្នាំ២០២០។

ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការងារទាំងឡាយលើប្រព័ន្ធផ្សព្វ ផ្សាយរបស់ ស៊ីហ្គេម ដែលយើងធ្លាប់បានសិក្សាស៊ីហ្គេមជាច្រើនប្រទេសរួចមកហើយៗ​ពេល​នេះក៏មានបទបង្ហាញគោលការណ៍នៃប្រព័ន្ធផ្សព្វផ្សាយស៊ីហ្គេម ក្នុងនោះមានមជ្ឈមណ្ឌល ព័ត៌មាន (Media Center) មជ្ឈមណ្ឌលសារព័ត៌មាន (Press Center) និងតួនាទីភារកិច្ចរបស់​អ្នក​សារពត៌មានមុនស៊ីហ្គេម ពេលស៊ីហ្គេម និងក្រោយស៊ីហ្គេម ដោយគណៈកម្មការជំនាញ មួយនេះ កំពុងលើកផែនការបន្តសម្រាប់ឆ្នាំ២០២០។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានរម្លឹកជូនថា នៅក្នុងដំណើរបំពេញទស្សនកិច្ចកម្ម​សិក្សានៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កន្លងទៅថ្មីៗនេះ គណៈកម្មការផ្សព្វ​ផ្សាយ និងព័ត៌មាននៃCAMSOC ឯកឧត្តមបានដឹកនាំគណៈសមាជិករបស់​ខ្លួនទៅពិនិត្យមើល ឈ្វេងយល់ដោយផ្ទាល់នៅ មជ្ឈមណ្ឌលផ្សព្វផ្សាយ (IBC) ពីរបៀបរបបនៃការរៀបចំ មជ្ឈ មណ្ឌលរបស់ម្ចាស់ផ្ទះ ហ្វីលីពីន។ ឯកឧត្ដមបានគូសបញ្ជាក់ថា “បើកាលណាការប្រកួត​លើ​ប្រភេទកីឡាច្រើន ការបញ្ជូនរូបភាពគ្រប់ទីតាំងមកកាន់មជ្ឈមណ្ឌលកណ្តាល ក៏មានចំនួន​ច្រើនដូចគ្នាផងដែរ ដោយម្ចាស់ផ្ទះហ្វីលីពីនមានស្ថានីយទូរទស្សន៍ច្រើន ហើយគេមានលទ្ធ​ភាពអាចថត និងបញ្ជូនរូបភាពពីកន្លែងប្រកួតកីឡាស៊ីហ្គេម ក្នុងនោះហ្វីលីពីនបានជួល​៧ស្ថានីយទូរស្សន៍ពីប្រទេសសិង្ហបុរីមកជួយបញ្ជូនរួបភាព ក្នុងពេលជាមួយគ្នានោះ”។

ឯកឧត្តមបន្ថែមថា មានចំណុចជាច្រើន ដែលម្ចាស់ផ្ទះហ្វីលីពីនធ្វើបានល្អលើមជ្ឈ មណ្ឌលផ្សព្វផ្សាយ ហើយយើងបានច្របាច់បញ្ជូលគ្នារវាងម្ចាស់ផ្ទះស៊ីហ្គេមផ្សេងៗ ទៀតកន្លង ទៅ ដើម្បីបង្កើតជាច្បាប់ថ្មីមួយរបស់យើង ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។ ប្រធានគណៈកម្មការ​ជំនាញរូបនេះបន្ថែមទៀតថា បច្ចុប្បន្ន យើងអាចនិយាយបានថា ច្បាប់ថ្មីនៃមជ្ឈមណ្ឌល​ផ្សព្វ​ផ្សាយស្ទើរតែបញ្ចប់រួចរាល់ហើយ ប៉ុន្តែយើងនៅសិក្សាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀត​ណាម ឆ្នាំ២០២១ ម្តងទៀត ដើម្បីបញ្ចប់ជាគោលការណ៍នៃមជ្ឈមណ្ឌលផ្សព្វ​ផ្សាយរបស់​កម្ពុជា​យើង។

ឯកឧត្ដមបានឱ្យដឹងដែរថា អ្វីដែលជាចំណុចមិនល្អ យើងនឹងកែសម្រួលឱ្យបានល្អ ដែលនេះជារឿងសំខាន់បំផុត។ ប៉ុន្ដែអ្វីមួយដែលយើងមើលឃើញរបស់គណៈកម្មការ​ផ្សព្វ​ផ្សាយ និងព័ត៌មានរបស់ស៊ីហ្គេម គឺភាគច្រើនផ្តោតលើការសម្របសម្រួលនូវកិច្ចការជាច្រើន ដែលការសម្របសម្រួល សម្រាប់សារព័ត៌មានមិនសូវបានល្អទេ។ “នេះខ្ញុំមិននិយាយ អំពី​បច្ចេកវិទ្យាទេ គឺចង់សំដៅទៅលើការសម្របសម្រួល បើនិយាយឱ្យស្រួលស្តាប់គឺការ​ទទួល​បដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរ ដោយកម្ពុជាយើងនឹងរៀបចំការិយាល័យមួយសម្រាប់ជួយ​សម្របសម្រួលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នំា២០២៣ នៅកម្ពុជា”។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ។

ឯកឧត្ដមបានកត់សម្គាល់ឃើញថា នេះគឺជាការលើកឡើងបញ្ជាក់បន្ថែមរបស់ជាក់​ស្តែង​ស៊ីហ្គេម នៅហ្វីលីពីន ក្នុងពិធីបើក គឺអ្នកសារព័ត៌មានមួយចំនួន រួមទាំងអ្នកសារព័ត៌​មានខ្មែរយើង មិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ។ ដូច្នេះកម្ពុជាមិនធ្វើបែបនេះទេ គឺយើង​នឹងសម្របសម្រួលធ្វើយ៉ាងណាឱ្យពួកគាត់បានចូលរួមយកព័ត៌មាន បើទោះបីជាពួកគាត់ នៅ ខ្វះលក្ខខណ្ឌខ្លះៗក៏ដោយ ក៏យើងនឹងជួយបំពេញបែបបទជូនដល់ពួកគាត់ភ្លាមៗ ដោយ ចំណុចខ្វះខាតទាំងនេះយើងនឹងជួយធ្វើឱ្យបានល្អប្រសើរ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានថ្លែងទៀតថា បច្ចុប្បន្ន គណៈកម្មការផ្សព្វផ្សាយ និង​ព័ត៌មាន នឹងជ្រើសរើសបន្ថែមនូវមន្ត្រីជំនាញរបស់ខ្លួនបន្ថែម ដើម្បីប្រតិបត្តិការនូវគណៈ​កម្មការ​ជំនាញមួយនេះឱ្យទទួលបានលទ្ធផលល្អ សម្រាប់គោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែ​នៅក្នុងដំណើរការនេះយើង តម្រូវឱ្យមានការផ្សព្វផ្សាយនៅគ្រប់បណ្តាញសារព័ត៌មានទាំង អស់ជារឿងសំខាន់ដំបូងគេបង្អស់ ដោយផ្តោតលើគោលនយោបាយ និយាយពីការចូលរួម របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលយើងទាំងអស់គ្នាត្រូវយល់ដឹង និងការចូលរួមទាំង អស់គ្នា។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន CAMSOC មានគណៈកម្មការជំនាញ ចំនួន១៣ និងលេខាធិការដ្ឋាន ក្នុងនោះគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ដែលមាន តួនាទីភារកិច្ច ក្នុងការរៀបចំផែនការផ្សព្វ ផ្សាយនិងរៀបចំប្រព័ន្ធព័ត៌មានឱ្យ​បានទូលំ​ទូលាយ។ ទន្ទឹមនេះ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំអត្ថប្រយោជន៍កីឡា អត្ថប្រយោជន៍​កីឡាស៊ីហ្គេម សម្រាប់ម្ចាស់ផ្ទះ រៀបចំជ្រើសរើសក្រុមហ៊ុនផ្សព្វផ្សាយ ជំនាញឯកទេសកីឡា និងរៀបចំកម្មវិធីពេលព្រឹត្តិការណ៍ប្រកួត រៀបចំព្រឹត្តិប័ត្រព័ត៌មានកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លើសពីនេះទៀត ធ្វើរបាយការណ៍សកម្មភាពការងាររបស់ខ្លួន និងបំពេញការងារផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធាន គ.ជ.ប.អ ជ (CAMSOC)៕

ដោយ ហេង ណាលីន