សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសលើកទឹកចិត្តជាថវិកាចំនួន៣២,០០០ដុល្លារអាម៉េរិក ជូនក្រុមបាល់ទាត់ស៊ីហ្គេម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ដើម្បីជាការលើកទឹកចិត្តដល់កីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំ ក្នុងការខិតខំប្រឹងប្រែង ហ្វឹកហាត់ និងប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឧបត្ថម្ភ ដល់កីឡាករ គ្រូបង្វឹក គ្រូជំនួយ និងក្រុមការងារជម្រើសជាតិអាយុក្រោម២២ឆ្នាំ ក្នុងម្នាក់ៗ នូវថវិកា ១,០០០ដុល្លារ សរុបចំនួន ៣២,០០០ពាន់ដុល្លារអាម៉េរិក។

ការប្រកាសឧបត្ថម្ភថវិការបស់ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទាត់ធ្វើឡើងក្នុងពិធីជំនួបគ្រួសារបាល់ទាត់កម្ពុជាជាមួយនឹងការអបអរសាទរសមិទ្ធផលប្រវត្តិសាស្រ្ត ដែលក្រុម​ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ និងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ក្រោមអធិបតីសម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ​កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កាលយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ។

សូមរម្លឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក្រោមការដឹកនាំ​របស់​គ្រូបង្គោល លោក Felix Dalmas បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ជាលើកដំបូង ដែលជាការបំបែកកំណត់ត្រា​ប្រវត្តិសាស្ត្រស៊ីហ្គេមរយៈពេល៦០ឆ្នាំ ខណៈខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ត្រូវ​បានកត់ត្រាថាជាកីឡាកររកបានគ្រប់បាល់ SEA Games លឿនបំផុត ដោយប្រើពេលត្រឹម​តែ១៨វិនាទីប៉ុណ្ណោះ ពេលជួបជាមួយក្រុមជម្រើសជាតិមីយ៉ាម៉ា នៅក្នុងការប្រកួតដណ្តើម​មេដាយសំរឹទ្ធិ៕

ដោយ ហេង​ ណាលីន