ខេត្តឧត្ដរមានជ័យប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ឆ្នាំ២០១៩

AKP ឧត្ដរមានជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមប្រកបដោយបរិយាប័ន្ន» នៅក្នុងបរិវេណមន្ទីរសង្គមកិច្ចខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងជនមានពិការភាពផងដែរ ។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនដែលមានពិការភាពទៅក្នុងការអភិវឌ្ឍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់បងប្អូនមានពិការភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម កាយសម្បទា ការព្យាបាលឱ្យមានចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារ និងបង្ការពិការភាព ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាបដោយប្រើកាយវិការចំណាំ និងភាសាសញ្ញា ការរកការងារធ្វើ សកម្មភាពកីឡា សិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ និងបន្តអនុវត្តន៍ច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ លិខិត បទដ្ឋានគតិយុត្ត ក្រោមច្បាប់នានាឱ្យមានប្រសិទ្ធភាព ៕

ដោយ ទិត ស៊្រ