បិទវគ្គវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការទប់ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀន

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ –វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការទប់ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀនខុសច្បាប់រយ:ពេល ២ថ្ងៃ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គីមលី នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន និងជាអគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

​វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីអនុវត្តន៍ច្បាប់ចំនួន ៥៥នាក់ មកពីខេត្តចំនួន៥ រួមមាន៖ ខេត្តតាកែវ កំពត កែប កោះកុង និងខេត្តព្រះសីហនុ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គរយៈពេល ២ថ្ងៃនេះ ដើម្បីយកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមបង្ក្រាប ទប់ស្កាត់ ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន។ វគ្គនេះក៏ជាការទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដូចជា៖ ១.ការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន។ ២.ការយល់ដឹងអំពីសារធាតុគីមីផ្សំគ្រឿងញៀន និងវិធានការត្រួតពិនិត្យ។ ៣.ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២។ ៤.ការយល់ដឹងទូទៅពីគ្រឿងញៀនសម្រាប់មន្ត្រីអនុវត្តន៍ច្បាប់ ដើម្បីយកទៅអនុវត្តន៍ប្រកបដោយតម្លាភាព ប្រសិទ្ធភាពនៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ៕

ដោយ ងូ សុមុនី