រដ្ឋបាលខេត្តព្រះវិហាររៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកជនបទ និង អនាម័យជនបទ PWG- RWSSH ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩

AKP ព្រះវិហារ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ –រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យជនបទ PWG- RWSSH ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ ក្រោមការដឹកនាំពីលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារបច្ចេកទេស PWG-RWSSH ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ អង្គការ ក្រៅ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាក្នុងខេត្តជាច្រើនរូបទៀត ។

លោក ស៊ូ សិរី បានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក និង មន្ទីរពាក់ព័ន្ធត្រូវធ្វើការរៀបចំផែន ការរក្សាស្តុកទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ព្រោះក្រុង ស្រុក មួយចំនួនដែលតែងតែទទួលរងគ្រោះដោយគ្រោះរាំងស្ងួតត្រូវរៀបចំផែនការស្ដារប្រឡាយ ព្រែកស្រះ និងបឹង ដើម្បីរក្សាទុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ពេលរដូវប្រាំងនឹងចូលមកដល់ ។ លោកបានបន្តថា មិនត្រឹមតែការរក្សាទុកទឹកប៉ុណ្ណោះទេ អាជ្ញាធរក្រុង ស្រុក ត្រូវទប់ស្កាត់បញ្ហាការចោលសំរាមពាសវាលពាសកាល ការចោលសំរាមទៅក្នុងប្រភពទឹកស្អាត ដោយការប្រើប្រាស់នូវពាក្យស្លោកនានា ក្នុងគោលបំណងថែរក្សាអនាម័យ បរិស្ថាន និង ប្រភពទឹកស្អាត ។

លោកអភិបាលរងខេត្តបានបន្ថែមថា បញ្ហាទឹកស្អាត និងអនាម័យនេះ គឺមិនមែនមានបញ្ហាតែនៅប្រទេសកម្ពុជាយើងនោះទេ វាគឺជាបញ្ហាសកល។ ជាក់ស្ដែងបច្ចុប្បន្នរាជរដ្ឋាភិ   បាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដៃគូពាក់ព័ន្ធ ឱ្យបង្កើនការចូលរួមដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ ដល់គ្រួសារនៅតាមជនបទ ក្នុងការជួយអប់រំដល់ប្រជាពលរដ្ឋពីការរស់នៅស្អាត ហូបស្អាត ការថែទាំអនាម័យ ជាដើម ។ ដូច្នេះដើម្បីអនុវត្តន៍កិច្ចការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ គឺទាមទារឱ្យមានការឈ្វេងយល់ និងការចូលរួមអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យតាមដានទាំងអស់គ្នា រួមទាំងបណ្ដាអង្គការដៃគូ ក៏ដូចជាសប្បុរសជន និងវិស័យឯកជននានាផងដែរ ៕

ដោយ ទិត ស្រ៊