រដ្ឋលេខាធិការក្រសួងអប់រំ និងអភិបាលខេត្តបាត់ដំបងសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានខុងជឺ

AKP បាត់ដំបង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ –កាលព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោកស្រី ជ័រវិន ស៊ីន ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានខុងជឺ នៅសាកលវិទ្យាល័យបាត់ដំបង ។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង។ វិទ្យាស្ថានខុងជឺ មានចំនួន ២ ធំៗដែលមានវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ដែលបង្កើតឡើងក្នុងឆ្នាំ២០០៩ និង មួយទៀតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបាត់ដំបង ដែលកំពុងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នៅសាកលវិទ្យាល័យបាត់ដំបង ស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ ការបង្កើតនៃវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបងនេះឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា ការបង្រៀនភាសាចិនដល់សាធារណជនទូទៅ បណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន រៀបចំការប្រឡងភាសាចិន និងផ្តល់វិញ្ញាបនបត្របង្រៀនភាសាចិន ផ្តល់ប្រឹក្សាយោបល់ ពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ ការអប់រំ ការស្រាវជ្រាវថ្នាក់បណ្ឌិតរួមគ្នា កម្មវិធីអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសចិនផងដែរ។

ឯកឧត្តម ងួន រតនៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូ គណៈអធិបតី ដែលចំណាយពេលវេលាដ៏មមាញឹកចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបងនាឱកាសនេះ ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាក្រោមដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេស   វិស័យអប់រំ ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជួយកសាងវិទ្យាស្ថានខុងជឺននៃសាកលវិទ្យាល័យបាត់ដំបងនាឱកាសនេះ ។ នៅរយៈពេលប្រមាណ ៥ ឆ្នាំខាងមុខទៀត កម្ពុជានឹងសម្បូរទៅដោយធនធានមនុស្ស និងមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាមួយបណ្តាប្រទេសជិតខាង និងនៅក្នុងតំបន់អាស៊ីផងដែរ៕

ដោយ ណយ នឿន (រដ្ឋបាលខេត្តបាត់ដំបង)