ក្រសួងបរិស្ថាន នឹងដាក់បញ្ចូលតំបន់​ដី​សើមបឹងស្នេហ៍ ស្ថិតក្នុងខេត្ដព្រៃវែង ទៅជាតំបន់ការពារធម្មជាតិ

 AKP ព្រៃវែង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា តាមរយៈការស្នើការសហការរបស់រដ្ឋបាល​ខេត្តព្រៃវែង ក្រសួងបរិស្ថាន នឹងដាក់បញ្ចូលតំបន់​ដី​សើមបឹងស្នេហ៍ ទៅជាតំបន់ការពារ​ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ។ ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថាន នេះ ក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី «ការដាក់បញ្ចូលតំបន់ដី សើមបឹងស្នេហ៍ ជាតំបន់ ការ​ពារធម្មជាតិ» នៅក្នុងខេត្តព្រៃវែង ដែលធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្ដព្រៃវែង។ នេះបើយោង​តាមក្រសួងបរិស្ថាន។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាបានគូសបញ្ជាក់ថា ប្រភេទសត្វ​ស្លាប​មួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជា​ប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀល​ខ្យង  ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹង​ស្នេហ៍នេះ។ ឯកឧត្ដមបានបន្ដថា ក្រសួងបរិស្ថានមានគោលបំណង​អភិរក្សប្រភេទជីវចម្រុះ សត្វ​ស្លាបទាំងអស់នេះ ដើម្បីប្រយោជន៍គោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់មួយ សម្រាប់​សហគមន៍។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ដថា ដោយឈរលើតម្លៃសេដ្ឋកិច្ច និង​តម្លៃ​ជីវចម្រុះ រដ្ឋបាលខេត្តបានស្នើការសហការពីក្រសួងបរិស្ថានក្នុងការដាក់បញ្ចូលតំបន់​ដី​សើម​បឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូច​ជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ។ ឯកឧត្ដមបាន​បន្ថែមថា តាមរយៈការងារនេះ សក្តានុពលតំបន់បឹងស្នេហ៍ នឹងទទួលបានការចូល​រួមការពារ​ធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លើសពីនេះទៀត ក្រសួងបរិស្ថាន បាន​ការគាំទ្រជាឯកច្ឆន្ទ ចំពោះការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការ​ពារធម្ម​ជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឱ្យនៅ​គង់វង្ស សម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា​សម្រាប់មនុស្សលោកទាំងបច្ចុប្បន្ន និងអនាគត។

លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបានឱ្យដឹងថា ប្រព័ន្ធអេកូឡូស៊ីតំបន់បឹងស្នេហ៍បានដើរតួនាទី យ៉ាងសំខាន់ និងជាប្រភពទឹកសម្រាប់ប្រជា​ពលរដ្ឋរស់នៅជុំវិញប្រមាណជាង ១៤ឃុំដែលប្រើប្រាស់ពីបឹងនេះ សម្រាប់ស្រោចស្រព្វដំណាំ​ស្រូវ​ប្រាំងជាងរាប់ម៉ឺនហិកតា ដែលអាចបង្កបង្កើនផល២ ទៅ៣ដងក្នុងមួយឆ្នាំ។ លោកជំទាវ​បានលើកឡើងដែរថា កន្លងមក មានកំណើនប្រជាជនដែលរស់នៅជុំវិញបឹងស្នេហ៍ កំណើន​តម្រូវការអុសដុត និងរុករានដីព្រៃលេចទឹក ដើម្បីធ្វើកសិកម្ម។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដព្រៃវែង​នេះរៀបចំឡើង​ក្នុងគោលបំណងគឺដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍ ដែលមាន​ទីតាំងនៅខេត្តព្រៃវែង និងពិភាក្សា និងទទួលអនុសាសន៍ បន្ថែមពីអ្នកពាក់ព័ន្ធ លើដំណើរការ​ដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះទៅជាតំបន់ការពារធម្មជាតិ។ បន្ទាប់មក អ្នកចូលរួម នឹងចុះពិនិត្យផ្ទាល់ដល់សក្តានុពលនៃតំបន់ដីសើមនិងការរស់នៅរបស់ហ្វូងសត្វស្លាប នៅ​ទីកន្លែងផ្ទាល់ផងដែរ៕

ដោយ រិទ្ធី