លោក ជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ សំណូមពរស្ត្រីដែលមានតួនាទីជាទីប្រឹក្សា ក្រសួងព័ត៌មានចូលរួមផ្តល់ថវិកាសប្បុរសជួយការងារសង្គមនិងមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩–លោក ជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា នៃក្រសួងព័ត៌មាន បានសំណូមពរ ដល់លោកជំទាវ លោកស្រី ដែលមានតួនាទី ជាទីប្រឹក្សាក្រសួង ព័ត៌មាន ចូលរួមផ្តល់ថវិកាសប្បុរស តាមសទ្ធាជ្រះថ្លា ក្នុងការចូលរួមក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ជួយដល់ ជនចាស់ជរា ក្មេងកំព្រាក្រីក្រ និងស្រ្តីមេម៉ាយ ខ្វះលទ្ធភាពចិញ្ចឹមកូន ចៅ ដែលកំពុងរស់នៅតាមតំបន់មូលដ្ឋាន។

ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនជាស្ត្រីដែលមានតួនាទីជាទីប្រឹក្សា ក្រសួងព័ត៌មាន ឋានៈស្មើ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន លោក ជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានលើកឡើងថា ការផ្តល់ តូនាទីជាទីប្រឹក្សាក្រសួង ព័ត៌មាន គឺជាការលើកទឹកចិត្តដល់បងប្អូនស្រ្តី ដែលបានប្រឹងប្រែង បំពេញកិច្ចការងារបានល្អក្នុងរយៈពេលកន្លងមក ទោះបីថា ស្រ្តីបានដើរតូនាទីជា មាតា ជា ភរិយា ផង និងជាមន្រ្តីរាជការ ហើយមានចំនួនខ្លះបានចូលនិវត្តន៍ពីការងារទៅហើយ។ ប៉ុន្តែ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់តូនាទី ជាទីប្រឹក្សាដើម្បីបន្តជួយកិច្ចការងារមួយចំនួនទៅមុខទៀត ដើម្បីបុព្វហេតុ បម្រើជាតិ និងមាតុភូមិ ក៏ដូចជាក្រសួង ព័ត៌មានបានកាន់តែរីកចម្រើនថែមទៀត។

លោក ជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ក៏បានលើកឡើងពីសកម្មភាពការងារ កន្លងមករបស់សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជានៃក្រសួងព័ត៌មានដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការងារសង្គម ជួយដល់អ្នកក្រីក្រ និង សមាជិក សមាជិកា ក្នុងសមាគម ដែលជួបបញ្ហា សុខភាព និង ជីវភាពរស់នៅ ។
លោកជំទាវបានលើកឡើងថា សកម្មភាពទាំងនេះ បានស្តែង ចេញនូវអំពើល្អ របស់សមាគម ហើយអាចដំណើរការបន្តមកដល់បច្ចុប្បន្ន តាមរយះការជួយ ជ្រោមជ្រែង ពីថ្នាក់ដឹកនាំ សមាជិក សមាគមទាំងអស់ រួមទាំងសប្បុរសជនមួយចំនួន ។

លោកជំទាវ បានបញ្ជាក់ទៀតថា ការចូលរួមជាថវិកា តាមលទ្ធភាព និងសទ្ធាជ្រះថ្លា របស់ លោកជំទាវ លោកស្រី ជាទីប្រឹក្សា គឺនឹងយកទៅជួយដល់អ្នក អ្នកក្រីក្រ និងជួបការ លំបាក ពិតប្រាកដ នៅមូលដ្ឋាន ហើយថវិកានៅសល់ នឹងទុកជួយដល់សមាជិកវិញ នៅពេលចូល សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ។ ទន្ទឹមនេះ រាល់ការចំណាយថវិកាពីការចូលរួមរបស់ បងប្អូននារី ជា ទីប្រឹក្សាក្រសួងព័ត៌មាននឹងចំណាយដោយតម្លាភាព និង ភាពស្មោះត្រង់ រួមទាំងបើក សិទ្ធិឱ្យបងប្អូន អាចសាកសួរបានគ្រប់ពេលពីការចំណាយ នានា។

លោក ជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ សង្ឃឹមជឿជាក់ថា បងប្អូន នារីទីប្រឹក្សា ក្រសួង ព័ត៌មាន រួមជាមួយ លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយិកា នឹងចូលរួមបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ប្រកបដោយទឹកចិត្តសប្បុរសធម៌ ប្រចាំខែ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការជួយគ្នាទៅវិញទៅមក ពេលមានជំងឺដង្កាត់ កើតឡើង។ នៅពេលមានការឯកភាពគ្នាទាំងស្រុង លោកជំទាវ នឹងដាក់សំណើទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្កើតជាគណះកម្មការ មួយឡើងដើម្បីធ្វើកិច្ចការងារនេះ៕

អត្ថបទ៖ គង់ សិរីរ័ត្ន , រូបថត៖ ខឹម សុវណ្ណារ៉ា