កម្ពុជាជាកន្លែងពងកូនចុងក្រោយបំផុតរបស់ទង់ប្រផេះ

AKP ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩–ទុងប្រផេះជាសត្វមួយដែលរងការគម្រាមកំហែងជិតផុតពូជលើលោក ឈ្មោះជាភាសាអង់គ្លេសគឺ Spot-billed Pelican (Pelicanus philippensis)។ សត្វនេះមានប្រវែង ១២៧ ទៅ ១៤០ស.ម និង មានការផ្លាស់ប្តូរភិនភាគមួយចំនួនទៅតាមរដូវកាល ។ នេះបើការផ្សាយរបស់អង្គការ USAID Greening Prey Lang កាលពីពេលថ្មីៗនេះ។

នៅរដូវកាលបន្តពូជរបស់វាចន្លោះពី ខែសីហា ដល់ ឧសភា វាមាន ខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ ហើយនៅលើចំពុះ និង ថង់មានអុជៗខ្មៅពាសពេញ ចំណែកនៅរដូវមិនបន្តពូជ ពុំមានអុជៗខ្មៅនៅលើចំពុះនិងថង់នោះទេ។ ប្រទេសកម្ពុជា គឺជាជម្រកពងកូនរបស់វាចុងក្រោយបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

ចំនួនសត្វ ទុងប្រផេះ នេះកំពុងថយចុះនៅលើពិភលោក ដោយសារ ការបាត់បង់ទីជម្រកនិងការប្រម៉ាញ់។ គម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីការពារសត្វនេះក៏ដូចជាសត្វដែលរងគ្រោះជិតផុតពូជទាំងអស់ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕

ដោយ ណយ នឿន ( ប្រភពៈ USAID Greening Prey Lang)