រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ប្រសិនបើយើងទាំងអស់គ្នាមិនចូលរួមថែរក្សា ផ្លូវទាំងនោះនឹងឆាប់រងការខូចខាតជាមិនខាន

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩​ — ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ សង្កត់ធ្ងន់ថា ទោះបីរាជរដ្ឋាភិបាលបានចំណាយថវិកាច្រើនប៉ុណ្ណា ធ្វើផ្លូវល្អ យ៉ាងណាក៏ដោយ ប្រសិនបើយើងទាំងអស់គ្នាមិនចូលរួមថែរក្សា តែបែរជាដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ឬបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនដឹកជញ្ជូនដឹកទំនិញលើសទម្ងន់ ផ្លូវទាំង នោះ នឹងឆាប់រង​ការខូចខាតជាមិនខាន។ ការលើកឡើងរបស់ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នេះ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយស្ដីពីយុទ្ធនាការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត​កំណត់ កាល​ពី​ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។ នេះ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមាន​ប្រសាសន៍ថា ប្រទេសជាតិមានការរីក ចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់មានការតភ្ជាប់ខ្វាត់ខ្វែង ទៅគ្រប់ច្រកល្ហកនៅក្នុងប្រទេស តភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងសកលលោក ហើយផ្លូវ ស្ទើរតែទាំងអស់ត្រូវបានពង្រីក និងលើកកម្ពស់គុណភាពទៅជាបេតុងកៅស៊ូ សំដៅធ្វើ សមាហរណកម្មការដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ កាន់តែមានភាពឯករាជ្យ រឹងមាំ និងម្ចាស់ការថែមទៀត។ ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី​បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ទាំងខាងក្រុមហ៊ុនដឹកជញ្ជូន និងមន្ត្រីស្ថានីយ​ជញ្ជីងពិភាក្សា​គ្នាឱ្យបានសស្រាក់សស្រាំដើម្បីស្វែងរកឱ្យឃើញនូវនីតិវិធីដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងបានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនឈប់ ដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ជាពិសេសយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីការពារទ្រព្យ សម្បត្តិ​ជាតិមាតុភូមិ។​

សូមបញ្ជាក់ថា​ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីយុទ្ធនាការទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ត្រូវបាន​រៀបចំឡើងដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ​សហការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ ដើម្បីផ្ដល់​វេទិកាពិភាក្សាដេញដោលរិះរកនីតិវិធីដ៏មានប្រសិទ្ធភាពនានា(ទាំងផ្នែកបច្ចេកទេស និងច្បាប់) ដើម្បីទប់ស្កាត់សកម្មភាពល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការកែច្នៃដំឡើង​យាន​យន្តខុសលក្ខណៈបច្ចេកទេស និងសកម្មភាពល្មើសផ្សេងៗទៀត សំដៅធានាបាននូវភាពរឹង​មាំជាប់យូរអង្វែងនៃផ្លូវថ្នល់សម្រួលដល់ការដឹកជញ្ជូន បង្កើនការវិនិយោគ បង្កើនទំហំពាណិជ្ជ​កម្ម ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លើសពីនេះទៀត​ សិក្ខាសាលា​នេះ​ក៏ទទួលបាន​ការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងមូលនិធិ ជប៉ុន​សម្រាប់កាត់បន្ថយភាពក្រីក្រ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជ​ធានី-ខេត្ត មន្ត្រីស្ថានីយជញ្ជីងទាំង២៧ទីតាំង មន្ត្រីជញ្ជីងចល័តទាំង៣ តំណាងក្រុមហ៊ុន​ដឹកជញ្ជូន អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ៕

ដោយ​ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​សាធារណការ)