អាជ្ញាធរស្រុកបន្ទាយស្រី ខេត្ដសៀមរាប ចាប់ផ្តើមអនុវត្តន៍គម្រោងសាកល្បង ផ្ទះ១ អំពូល១  ដោយផ្តើមចេញពីភូមិព្រះដាក់

AKP សៀមរាប ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន​គូសបញ្ជាក់ថា ភ្លើង​បំភ្លឺនៅតាមផ្លូវ នៅមុខផ្ទះប្រជាពលរដ្ឋគ្រប់គ្រាន់នៅពេលយប់  គឺជាចំណែក​មួយដ៏សំខាន់​ក្នុងការការពារសុវត្ថិភាពភូមិ ឃុំកាន់តែប្រសើរឡើង ហើយក៏រួមចំណែកកាត់បន្ថយបាន នូវគ្រោះ​ថ្នាក់ចរាចរណ៍នៅពេលយប់ផងដែរ។

​ ​ក្នុងពិធី​ប្រគល់អំពូល​ភ្លើង​ដល់ប្រជាពលរដ្ឋនៅភូមិ​ព្រះដាក់ ឃុំព្រះ​ដាក់​ ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប​ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០១៩ លោក ឃឹម ហ្វីណង់ បានលើក ឡើងថា ដោយមើលឃើញ​ពីសារៈ​សំខាន់ទាំង​នេះ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​ បានចាប់​ផ្តើម បង្កើតឱ្យមាន​គម្រោងផ្ទះមួយអំពូលមួយ ហើយគម្រោង​នេះ​ បាន​ចាប់​ផ្តើម​អនុវត្តន៍​សាក​ល្បង​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយផ្តើមចេញពីភូមិព្រះដាក់។ លោកអភិបាលស្រុកបាន​បញ្ជាក់ដែរថា នៅក្នុងជំហានដំបូងនៃការអនុវត្ត​គម្រោងសាកល្បងផ្ទះមួយអំពូលមួយនេះ អាជ្ញា​ធរបាន​ចែក​អំពូល​ដែលប្រើប្រាស់ពន្លឺព្រះអាទិត្យជូនទៅដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ​ព្រះ​ដាក់ចំនួន៥១៨ខ្នងផ្ទះ ហើយបើតាមផែនការនៃគម្រោងផ្ទះមួយអំពូលមួយនេះ គឺធ្វើយ៉ាង ណាឱ្យផ្ទះប្រជាពលរដ្ឋប្រមាណ១ម៉ឺនខ្នងផ្ទះ នៅគ្រប់ភូមិទាំងអស់មានអំពូលភ្លើងបំភ្លឺផ្លូវ នៅ ត្រឹមចុងឆ្នាំ២០២០។ លោក ឃឹម ហ្វីណង់ បាន​បញ្ជាក់ទៀតថា សម្រាប់ជំហានដំបូងនៃ គម្រោងផ្ទះមួយអំពូលមួយនេះ អាជ្ញាធរ​បាន​សម្រេចចែក​អំពូលភ្លើងជូនប្រជាពលរដ្ឋ ដោយ ឥតតិតថ្លៃ ហើយនៅពេលក្រោយៗទៀតអាជ្ញាធរខិតខំសហការជាមួយសប្បុរសជន ដើម្បី​ចែកជូន​បន្ត ប៉ុន្តែក្នុងករណីមានបញ្ហាខ្វះខាតថវិកាអាចឱ្យប្រជាពលរដ្ឋចូល១០ភាគរយ ឬតាម លទ្ធភាពដែលអាចធ្វើទៅបាន។ លោកបានលើកជាឧទាហរណ៍ថា យើងយកការ ឧបត្ថម្ភ​ពីអ្នក​មានក្នុងភូមិមកជួយដល់អ្នកខ្វះខាតក្នុងនោះវិញ ដើម្បីធ្វើយ៉ាងណាឱ្យផ្ទះប្រជាពលរដ្ឋ​ទាំងអស់មាន​ភ្លើងបំភ្លឺផ្លូវគ្រប់គ្នា។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទទួលបាន​អំពូល ត្រូវថែរក្សាឱ្យបាន​ល្អ ហាមយកទៅលក់ជាដាច់ខាត ហើយនេះជាលើដំបូង ដែល​​អាជ្ញាធរ​ស្រុកបន្ទាយស្រីមាន​គម្រោងដ៏ល្អបែបនេះ៕

ដោយ ឃុត សៅ