សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា មិនមានការ​វាយកម្ចេច​ស្ពានថ្ម​ចាស់ ​អាយុ​ជាង​១០០​ឆ្នាំ នៅក្នុង​ខេត្តបាត់ដំបងនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងគូស​បញ្ជាក់ថា មិនមានការ​វាយកម្ទេច​ស្ពានថ្ម​ចាស់​អាយុ​ជាង​១០០​ឆ្នាំ ដែលបន្សល់ទុក​ពី​សម័យ​បា​រាំ​ង​ នៅក្នុង​ខេត្តបាត់ដំបងនោះឡើយ ក្នុងខណៈដែលកន្លងមក អាជ្ញាធរខេត្តបានជូនដំ​ណឹ​ង​ ដ​ល់ប្រជាពលរដ្ឋអំពីការរុះរើស្ពានថ្មដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីចង់ចៀសវាងគ្រោះ​ថ្នា​ក់ ដ​ល់​​ប្រជាពលរដ្ឋនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសា​ស្ត្រ​​សេដ្ឋកិច្ចចំនួន២,៧៩០នាក់ នាព្រឹកថ្ងៃ​ព្រ​ហស្ប​តិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២​៥​៦​៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថា​ន​ជា​តិ​អប់រំ សម្ដេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា “កន្លងមករឿងស្ពាននៅខេត្តបាត់ដំបងនាំគ្នាផ្អើលពេញបណ្ដាញ​សង្គម​ហ្វេស​ប៊ុកថា យើង​ប្រុ​ង​នាំ​គ្នាវាយកម្ចេចស្ពានបុរាណដែលកសាងសម័យបារាំងនៅ ក្នុងខេត្ត​បាត់ដំបង។ ខ្ញុំសូមបញ្ជាក់ អ្វី​(សំណង់ចាស់) ដែលបន្សល់ទុកលើសពី៥០ឆ្នាំទៅ គឺខិតខំរក្សា ព្រោះស្ពាននេះមាន​ចំណា​ស់​ជាង១០០ឆ្នាំ រឿងអីត្រូវវាយកម្ចេច។” សម្ដេចតេជោបន្តថា  ត្រូវ​ខិត​ខំរក្សាវា ជួសជុល​ធ្វើ​យ៉ា​ងណាទប់កុំឱ្យវាបាក់ ហើយអាជ្ញាធរខេត្តបាត់ដំបងត្រូវជូន ដំណឹងប្រាប់ប្រជាពលរដ្ឋអំពីការចៀ​ស​​វាងគ្រោះថ្នាក់។ ប៉ុន្តែជំនួសមកវិញយើងត្រូវរក វិធីធ្វើ ស្ពានបន្ថែមថ្មីនៅកន្លែងនោះ មិនមែន​ជា​ការវាយស្ពាននោះកម្ចេចចោលនោះទេ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រ​​សួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពឡើយចំពោះបំណង របស់រដ្ឋបាលសាលា​ខេត្ត​បា​ត់​ដំបងដែលចង់រុះរើស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង បន្សល់ទុកតាំងពីសម័យ​អាណា​និ​គ​ម​​បារាំងមកនោះ។ ជាមួយនឹងការមិនឯកភាព ចំពោះបំណងរបស់រដ្ឋបាលសាលា​ខេត្តបាត់​ដំ​ប​ង លោកជំទាវ ក៏បានធ្វើលិខិតមួយច្បាប់គោរពជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផា​រ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកិច្ចអន្តរាគមន៍ចុះពិនិត្យ​រកដំ​ណោះ​​ស្រាយមួយ ក្នុងការរក្សាទុកស្ពានថ្មមួយនេះ។ ក្នុងលិខិតលោកជំទាវ ភឿង សកុណា ​បា​ន​​លើ​កឡើងថា ស្ពានថ្មចាស់បន្សល់ពីអាណានិគមបារាំង ស្ថិតនៅមុខសាលាខេត្ត​បាត់ដំបង ក្នុ​ង​​ភូមិ​កម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងនេះ ពុំគួររុះរើនោះឡើយ ដោយសារ​ស្ពាន​នេះ​មានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ។ លើសពីនេះទៀត ស្ពាននេះជា​សំណង់​​បេ​តិ​កភណ្ឌទីក្រុង នៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់​តែមួយគត់​នៅកម្ពុជា ដែ​ល​មានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។ ស្ពាននេះ​ចាត់​ទុកជាមរតកដ៏កម្រមួយនេះ គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើ​យប្រើ​ប្រា​ស់ជាស្ពានថ្មើរជើង។ ជាមួយគ្នានេះដែរ នៅយប់​ថ្ងៃទី​១៩ ធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្ត​បាត់​ដំ​ប​ង ​ក៏​បាន​ប្រកាស​រក្សាទុក​ស្ពានថ្ម​ចាស់​ដែល​បន្សល់​ពី​សម័យ​អាណានិគម​បារាំង​នេះ ក្រោយ​ពី​​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ស្នើ​សុំឱ្យ​អភិរក្ស​ស្ពានថ្ម​អាយុកាល​ជាង​១០០​ឆ្នាំនេះ​។

​ស្ពានថ្មនៅក្នុងខេត្តបាត់ដំបង​ ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ​១៩១៦ ដែល​មកដល់ពេល​នេះ​​មាន​អាយុកាល​១០៣​ឆ្នាំ​ហើយ​។ ស្ពាន​នេះ​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​នៅ​​ទល់មុខ​សាលាខេត្តបាត់ដំបង​​៕

ដោយ ជឹម ណារី