រាជរដ្ឋាភិបាលចាត់ទុករដ្ឋបាលថ្នាក់ក្រោមជាតិ ជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍន៍ជាតិ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុករដ្ឋបាលថ្នាក់​ក្រោម​ជាតិគឺ​ជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបាន ទាំងក្នុងដំណើរការតាក់តែង ក៏ដូចជាការ​ចូលរួម​អនុវត្តន៍គោលនយោបាយ ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់នានា ទាក់ទិន​នឹងការ​កែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ នេះគឺជាការ​លើក​ឡើងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេ​ខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់​ខ្ពស់​របស់​សម្តេចក្រឡាហោម ស ខេង ឧបនា​យ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ​(គ.ជ.អ.ប) នៅក្នុងមហាសន្និបាតអាណត្តិទី៣ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ភ្នំពេញ។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ចាត់ទុករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅ​កៀកជិត និងចុះផ្ទាល់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ដែលដឹងច្បាស់​ពីសុខទុក្ខ និងសេចក្តីត្រូវការជាក់ស្តែង ពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលមានការប្រែប្រួល​ឥតឈប់ឈរ និងភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ។ ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្ន​នេះ​ រដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្តល់សេវាសាធារណៈ ដែលជាសេវាចាំបាច់ និងជាតម្រូវការ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន ដែលអាចឆ្លើយតបនូវរាល់បញ្ហាប្រឈមនានា ហើយធានាបាន​នូវ​តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបាន​បន្ដថា ការសម្រេចបានសមិទ្ធផលរបស់រាជរដ្ឋាភិបាលកន្លងមកនេះ គឺមិនអាចកាត់ផ្ទាច់​ចេញ​ពីការចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមប្រឹក្សានៅ​គ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ រួមទាំងសម្ព័ន្ធភាពជាតិ​ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានផងដែរ។ ជាក់ស្តែង សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលថ្ឋាន បាន ចូលរួមយ៉ាងសកម្មផ្តល់អត្ថន័យយ៉ាងធំធេង ក្នុងការចូលរួមចំណែកធ្វើឱ្យការអនុវត្តកម្មវិធី ជាតិ​រយៈពេល១០ឆ្នាំ សម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ទទួល​បាន​ជោគជ័យតាមការរំពឹងទុក។ ឯកឧត្ដមបានឱ្យដឹងទៀតថា ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់ និងចាត់ទុកសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ទាំងសមាគមក្រុមប្រឹក្សារាជធានី-ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ជាដៃគូយ៉ាងសំខាន់​មិន​អាចខ្វះបាន ទាំងក្នុងដំណើរការតាក់តែង ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយ ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់នានា ទាក់ទិននឹងការកែទម្រង់រដ្ឋបាលថ្នាក់​ក្រោមជាតិនៅកម្ពុជា។ ទន្ទឹមនឹងការធ្វើឱ្យកើនឡើងនូវធនធាន មុខងាររបស់រដ្ឋបាលថ្នាក់​ក្រោម​ជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានរម្លឹកថា ក្រុមប្រឹក្សានីមួយៗត្រូវធានាថា ការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់ធនធាន និងមុខងារនៅមូលដ្ឋានត្រូវធ្វើឡើងឱ្យបាន​ប្រសើរជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ជាមួយគ្នានេះ ​ក្រុមប្រឹក្សាសម្ព័ន្ធ​ភាព​ជាតិថ្នាក់មូលដ្ឋានក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងការជួយគាំទ្រ ការសម្រប សម្រួលដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក៏ដូចជាការសម្របសម្រួលឱ្យមានការ ចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមកើតមានឡើងនៅ តាមមូលដ្ឋាននីមួយៗ ក៏ដូចជាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកពាន់ព័ន្ធនឹងការ​គ្រប់គ្រងមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព លទ្ធភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យមានលក្ខណៈកាន់តែសមស្រប ឆ្លើយតបទៅនឹងត្រូវការជាក់ស្តែង​នៅមូលដ្ឋាន ឱ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានមួយ ដែលមានថាមពល មានស្វ័យភាព មាន​គណនេយ្យភាព និងជារដ្ឋបាលមូលដ្ឋានមួយដែលផ្តល់អំណាចឱ្យប្រជាពលរដ្ឋ និងដើម្បី​បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្ដម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ​សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា មហាសន្និបាតនេះមានរយៈពេលមួយថ្ងៃកន្លះ ក្នុងគោលបំណងដើម្បីបូកសរុបការងារ ដែល សម្រេចបានកន្លងមក និងលើកទិសដៅការងារ សម្រាប់ការអនុវត្តឆ្នាំ២០២០​បន្តឱ្យទទួល​បានលទ្ធផលល្អថែមទៀត។ លោកបានបន្ថែមថា សម្ព័ន្ធភាពជាតិឃុំ សង្កាត់នៃព្រះរា​ជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ តាមរយៈការប្រមូល​ផ្ដុំដោយស្ម័គ្រចិត្តនូវសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តសកម្មភាព​ក្នុងបំណង​ការការពារ និងបំរើផលប្រយោ​ជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជី​វិត និងសុ​ខុមាលភាពរបស់ប្រជាជន ស្របតាមគោលនយោ​បាយកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈ​ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ទោះបីជាត្រូវបានចាត់ទុកថា ជាសមាគមដែលមានវ័យក្មេងក្តី ក៏សម្ព័ន្ធភាពជាតិបានបង្ហាញសក្តានុពលភាពរបស់ខ្លួន ដែល រួមចំណែកគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានវឌ្ឍនភាព និងការអភិវឌ្ឍ សម្រាប់កម្ពុជា៕

ដោយ ប៉ាល់ សុង