ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈរបស់ក្រុមការងារ ថ្នាក់ជាតិនៅក្រុងព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ដើម្បីស្ដាប់នូវការលើកឡើង ការសំណូមពរ និងបញ្ហាប្រឈមនានារបស់​ប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន។ វេទិកានេះ បានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត អភិបាលរងខេត្ត សមាជិក​ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋរស់ក្នុងក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។

ឯកឧត្តម មាស សុភា បានជម្រាបពីគោលបំណងសំខាន់នៃការរៀបចំឱ្យ​មាននូវវេទិកា​សាធារណៈនេះឡើងគឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ​សាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសការជួបជាមួយប្រជាពលរដ្ឋ និងស្តាប់នូវបញ្ហា​ប្រឈម សំណូមពរ និងបញ្ហានានានៅមូលដ្ឋាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ដថា ដើម្បី​គាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់​ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់​នានា​របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេច​បន្ត​ចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តន៍កម្មវិធីនយោបាយប្រកបដោយប្រសិទ្ធ​ភាពនៅគ្រប់មូលដ្ឋាន​នៅទូ​ទាំង​ប្រទេស។ ឯឧត្តមទេសរដ្ឋមន្រ្តីបានបន្តទៀតថា ក្រុមការងារ ថ្នាក់ជាតិមានតួនាទីលើក​កម្ពស់​ការដឹកនាំសម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់​សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយរាល់បញ្ហានានាដើម្បីពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវចូលរួមជាមតិយោបល់ និង លើកឡើងបញ្ហាប្រឈម សំណូមពរ ដើម្បីឱ្យថ្នាក់ដឹកនាំធ្វើការបកស្រាយចម្ងល់នានា​ក៏ដូច​ជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារៈសំខាន់ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ដើម្បីឱ្យការអនុវត្តគោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រ​ចតុកោណដំណាក់ការទី៤ និងកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិ​បាលកម្ពុជាមានប្រសិទ្ធភាពខ្ពស់៕

ដោយ ទិត ស្រ៊