កិច្ច​ប្រជុំ​ស្តីពីដំណើរការ និងលទ្ធផលនៃការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងក្នុងដែន ជម្រកសត្វព្រៃគូលែន ព្រហ្មទេព ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃ​​ទី២៦ ខែធ្នូ ឆ្នាំ២០១៩ — លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារកំណត់ព្រំប្រទល់ និងធ្វើការបែងចែកតំបន់គ្រប់គ្រង​ ជាតំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ​អភិបាល​ខេត្តព្រះវិហារ បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំ​ស្តីពីដំណើរការ និងលទ្ធផលនៃការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតក្នុងភូមិសាស្ត្រ​ខេត្តព្រះវិហារ​។ កិច្ចប្រជុំនេះ បានធ្វើឡើង ដោយមានការចូលរួមពីសមាជិក​ក្រុមការងារពាក់​ព័ន្ធទាំងអស់ កាលពីថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ​​ទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តព្រះវិហារ ។

លោក ស៊ូ សិរី បានមានប្រសាសន៍ថា ការបែងចែកតំបន់គ្រប់គ្រងក្នុងដែនជម្រក​សត្វ​ព្រៃគូលែន-ព្រហ្មទេព ស្ថិតនៅក្នុងភូមិសាស្ត្រជាប់ខេត្តចំនួនបី គឺ មានខេត្តព្រះវិហារ​ ខេត្តឧត្តរ​មានជ័យ និងខេត្តសៀមរាប ត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានផ្ទៃដីសរុបចំនួន៣,៩៩៩ហិកតា ទៅជាតំបន់សហគមន៍ចំនួនបី​តំបន់ដែលមាន​ភូមិសាស្ត្រស្ថិតនៅក្នុងខេត្តទាំងបីនេះ។ ទន្ទឹមនេះ ខេត្តព្រះវិហារមានផ្ទៃដីចំនួនសរុប១,៣៩៨​ហិកតា ស្ថិតនៅក្នុងតំបន់ឈូក និងតែល ឃុំស្រយ៉ង់ ស្រុកគូលែន។ លោកអភិបាលរងខេត្ត បានបន្តថា ការកំណត់តំបន់សហគមន៍ចំនួនបីតំបន់ដែលមានភូមិសាស្ត្រ ស្ថិតនៅក្នុងខេត្ត ទាំងបីនេះ គឺជាតំបន់គ្រប់គ្រងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច របស់សហគមន៍ មូលដ្ឋាន រួមមាន​ លំនៅដ្ឋាន ស្រែចម្ការ។ លោកបានលើកឡើងថា រាល់ការចេញប័ណ្ណ​សម្គាល់​​កម្មសិទ្ធិកាន់កាប់ដីធ្លី ឬការអនុញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់សហគមន៍នេះ ត្រូវ​មានការយល់ព្រមជាមុនពីក្រសួងបរិស្ថាន ដោយអនុលោមតាមច្បាប់ភូមិបាល។ លោកអភិ​បាលរងខេត្ដបានជំរុញដល់សមាជិកក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការគ្រប់គ្រងក្នុង​តំបន់ភូមិ​សាស្ត្រឱ្យបានល្អ អនុវត្តន៍ទៅតាមផ្លូវច្បាប់ ដើម្បីថែរក្សាតំបន់សហគមន៍៕

ដោយ ទិត ស្រ៊