សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ អញ្ជើញចូលរួមក្នុងកិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ ១០​ឆ្នាំ​ គណៈកម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រជុំបូក​សរុបលទ្ធផលការងារ១០​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​អនុវត្តន៍​បន្ត​ ដែលបានធ្វើឡើង ​កាល​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ក្នុងបញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ ស្ថិតនៅសង្កាត់ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ ​ដោយមានការអញ្ជើញចូលរួមពី សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួ​ងការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក​ និង​ជា​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​សន្តិ​សុខល​ម្ហ​សមុទ្រ​ បាន​គូស​បញ្ជាក់​ថា​ ក្រោយពីបានបំពេញភារកិច្ចអស់រយៈពេល១០​ឆ្នាំ​កន្លង​មក​នេះ​ អគ្គ​លេខា ធិ​ការដ្ឋានគណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ និង​ប៉ាន់ប្រមាណ​បាន​នូវ​ជំហាន​ នៃ​ការ​អភិវឌ្ឍ​ដែល​ចែក​ចេញ​ជា​បី​ដំណាក់​កាល​។ ​ក្នុងដំណាក់​កាល​ទី​១ ​ជា​ដំណាក់​កាល​ នៃ​ការប្រមូលផ្ដុំគិតគូរដល់ការកសាងធនធានមនុស្ស ការស្វែងរកធន​ធាន​សម្ភារ មធ្យោបាយប្រតិបត្តិការ និងការយល់ដឹងបន្ថែមពីបទដ្ឋានច្បាប់ជាតិ ច្បាប់​អន្តរ​ជាតិ ​ដែលពាក់ព័ន្ធទៅ​នឹ​ង​ការងារសន្តិសុខរបស់សមុទ្រ។ ដំណាក់កាលទី២ គឺជាដំណាក់​កាល​នៃការយល់ដឹងកិច្ចប្រតិបត្តិ ការអនុវត្តច្បាប់ទន្ទឹម នឹងការពង្រីកសមត្ថភាពយល់​ដឹងក្នុង​ក្របខ័ណ្ឌអនុតំបន់ រួមជា​មួយ​នឹង​ការ​ចូល​រួម​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ ការចែករំលែកព័ត៌មាន ជាអន្តរជាតិ។ ដំណាក់កាលទី៣ ជា​តំណាក់​កាល​ នៃការប្រតិបត្តិការអនុវត្តច្បាប់ តាមបទ​បញ្ជា និង​តាម​ការ​ចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋា​ភិបាល​ គណៈកម្មាធិការជាតិសន្តិសុខ​លម្ហសមុទ្រ និង​ការប្រតិបត្តិនូវ​តួនាទីភារកិច្ចស្នូលរបស់ខ្លួន។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង​ នៃអគ្គលេខាធិការ​ដ្ឋាន​ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានលើកឡើងថា គណៈកម្មាធិការជាតិសន្តិសុខ​លម្ហសមុទ្រ បានបង្កើត​ឡើង​នៅក្នុងឆ្នាំ២០០៩ ដែល​ក្នុងរយៈពេល១០​ឆ្នាំកន្លងមកនេះ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របាន​ធ្វើ​លំហាត់មហារំអិលចំនួនចំនួន២លើក ដែល​មាន​រយៈពេល ២ឆ្នាំម្ដង។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ដថា ក្នុង​រយៈ​ពេល ១០​ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ​ ក្រៅ​ពី​ការ​កសាងធនធាន​មនុស្ស ​និង​កសាង​អង្គភាព ​គណៈ​កម្មាធិការជាតិសន្តិ​សុខ​លម្ហ​សមុទ្រ​ក៏​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ ពី​ប្រទេសជា​ដៃ​គូ​ដែល​ផ្ដល់​នូវ​សម្ភារ​ផ្សេង​ៗ​ដូច​ជា ​ទូក​អូប័រ​ សម្ភារ និង​ការ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។ ជាមួយគ្នានេះ គណៈ​កម្មាធិការ​ជាតិ​ ក៏បា​នចូលរួមក្នុងការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើសផ្សេងៗ ដែលកើតមាននៅលើផ្ទៃសមុទ្រប្រទេសកម្ពុជាផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំ មកនេះ សមាជិកមកពីស្ថាប័ននានាក្នុងគណៈកម្មាធិការជាតិ បានធ្វើការងារយ៉ាងសកម្ម ឆ្លើយតបទៅ​នឹងតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ និង​ឆ្លើយ​តប​តាម​ការណែនាំរបស់​ប្រមុខ​រាជរដ្ឋាភិ​បាលចង់បាននូវអ្វីៗដែលពាក់ពន្ធ័ទៅនឹងសន្តិសុខ​សមុ​ទ្រ​នៅទូទាំងប្រទេស។ សម្តេច​​ពិជ័យ​​សេនា​បានបញ្ជាក់ដែរថា លំហាត់មហារំអិល ដែលយើងបាន ធ្វើដោយ​ខ្លួនឯង​កន្លងមក ត្រូវ​បានទទួលការកោតសរសើរពីអន្តរជាតិ​ថែមទៀត។ សម្ដេចក៏បានកោតសរសើរ ដល់គណៈ​កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានរួមគ្នាធ្វើការងារទទួលបាន​នូវផល​ល្អក្នុងរយៈ​ពេល១០ឆ្នាំកន្លងមក ព្រមទាំងបានណែនាំឱ្យ​បន្តការសហការ​គ្នាបន្តទៀត ដើម្បី​អនុវត្តន៍​ភារកិច្ចឱ្យសម្រេចបានលទ្ធផលល្អ៕

ដោយ សំ សាម៉ន