អាជ្ញាធរស្រុកបន្ទាយស្រី សហការជាមួយវិស័យឯកជន ផ្តួចផ្តើមប្រែក្លាយវិទ្យាល័យ បន្ទាយស្រី ជាសាលាគំរូប្រចាំស្រុក

AKP សៀមរាប ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប ​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្រប់​ជ្រុងជ្រោយជាមួយក្រុមហ៊ុន South East Asia Telecom (Seatel) ក្នុងការជួយឧបត្ថម្ភគាំទ្រ​ទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សាលាបឋមសិក្សាតាកុះ និងវិទ្យាល័យ​បន្ទាយស្រី ដែលស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យក្លាយទៅជា​សាលា​គំរូប្រចាំស្រុក និងឈានទៅជាសាលាគំរូ ប្រចាំថ្នាក់តំបន់ និងថ្នាក់ជាតិប្រចាំប្រទេស នាថ្ងៃអនាគតផងដែរ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើង កាល​ពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៩​។

លោក យ៉ាវ អ៊ីជិន តំណាង​ក្រុមហ៊ុន South East Asia Telecom (Seatel)បានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងមកនេះ  លោកធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងរស់នៅប្រទេសកម្ពុជា​ច្រើន​ជាងរស់នៅប្រទេសកំណើតរបស់លោក ដោយសារតែលោកស្រលាញ់ប្រជាជនកម្ពុជា និងចង់ចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លោកបានបន្ដថា ជាក់ស្តែងនៅថ្ងៃនេះ លោក​បានសម្រេចចិត្តសហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី ក្នុងការចូលរួមចំណែក ទ្រទ្រង់​វិស័យអប់រំនៅកម្ពុជា  ដែលវាគឺជាក្តីស្រម៉ៃតែមួយរបស់លោក ព្រោះថាវិស័យអប់រំ គឺជាថ្នាល បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកបានបន្តទៀតថា លោកនឹងជួយឧបត្ថម្ភដល់ដំណើរនៃការងារអភិវឌ្ឍន៍សាលាទាំងពីរនេះ ឱ្យឆ្ពោះទៅរកគោល​ដៅ ជាសាលាគំរូក្នុងរយៈពេល៥ឆ្នាំ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី  បានគូសបញ្ជាក់ថា ដើម្បីកែប្រែសាលា​មួយនេះឱ្យក្លាយជាសាលាគំរូដ៏ល្អឥតខ្ចោះ គឺចាំបាច់ត្រូវឱ្យមានការចូលរួមពីសំណាក់​សប្បុ​រស​ជន ឬដៃគូអភិវឌ្ឍន៍នានា ក្នុងជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ  និងត្រូវការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសអ្នកជំនាញ និងកត្តាផ្សេងៗជាច្រើនទៀត។ លោកបានបន្ថែមថា នៅក្នុងពិធីចុះហត្ថលេខារវាងភាគីទាំងពីរនេះ ក៏បានបើកទូលាយឱ្យសិក្សានុសិស្ស លោកគ្រូ​អ្នកគ្រូលើកឡើងជាសំណូមពរ បញ្ហាប្រឈម ដើម្បីជាការត្រួសត្រាយផ្លូវ សិក្សាអំពីតម្រូវការ​ចាំបាច់ក្នុងជំហានដំបូង ក្នុងការអនុវត្ត គម្រោងសាលាគំរូនេះ។ លោកបានបន្ថែមទៀតថា ជាជំហ៊ានដំបូងនៃការចាប់ផ្តើមសិក្សាពីគម្រោងនេះ ខាងក្រុមហ៊ុនSeatelបានជួយឧបត្ថម្ភ​អំពូលភ្លើង និងកង្ហារ បំពាក់ជូនគ្រប់ថ្នាក់រៀន  ហើយសិស្សានុសិស្សទាំងអស់ នៅក្នុងសាសា​រៀននេះ នឹងទទួលបានគ្រប់ៗគ្នានូវឯកសណ្ឋានប្រចាំសាលារបស់ខ្លួន  និងសម្រាប់សំណូម​ពរ​ជាច្រើនទៀត ខាងក្រុមហ៊ុនទទួលយកទៅដោះស្រាយ៕

ដោយ ឃុត សៅ