ក្លឹបក្រសួងមហាផ្ទៃឈ្នះមេដាយមាស២គ្រឿង ព្រឹត្តិការណ៍កីឡាសីដក់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — ក្លឹបកីឡាសីដក់ក្រសួងមហាផ្ទៃបានឈ្នះមេដាយមាស២គ្រឿង ក្នុងចំណោម៣វិញ្ញាសា នៃ ព្រឹត្តិការណ៍កីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នៅវិមានកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីក្រសួងមហាផ្ទៃបានយកឈ្នះ ក្រុមក្រសួងការ ពារជាតិ នៅវគ្គផ្តាច់ព្រ័ត្រយ៉ាងស្វិតស្វាញបំផុត។

ក្រុមកីឡាសីដក់ក្រសួងមហាផ្ទៃ ដែលឈ្នះមេដាយមាស២វិញ្ញាសានេះ គឺបានយក​ឈ្នះលើវិញ្ញាសា ៣នាក់ទល់៣នាក់ក្របខ័ណ្ឌ ក-១ ផ្នែកបុរស ខណៈក្រុមក្រសួង​ការពារជាតិ​ដណ្តើមបានចំណាត់ថ្នាក់លេខ២ និងលេខ៣បានទៅលើក្រុមមជ្ឈមណ្ឌលកងយោធពល​ខេមរ​ភូមិន្ទ។ ជ័យលាភីវិញ្ញាសា៣នាក់ទល់៣នាក់ ក្របខ័ណ្ឌក២ បុរស លេខ១​បានទៅ​លើ​ក្រសួងមហាផ្ទៃដែរ ខណៈលេខ២ ក្លឹបបានលុង និងលេខ៣ មជ្ឈមណ្ឌលកងយោធ​ពល​ខេមរភូមិន្ទ។ ចំពោះវិញ្ញាសា ៣នាក់ទល់៣នាក់នារី លេខ១ បានទៅលើមជ្ឈមណ្ឌលកង​យោធ​ពលខេមរភូមិន្ទ លេខ២ ក្រសួងការពារជាតិ និងលេខ៣ ក្រសួងមហាផ្ទៃ។

ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានមាន​ប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានក្លឹបចូលរួមចំនួន១០ ដោយមានកីឡាករ កីឡាការិនី១២៣នាក់ ដោយប្រកួតពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ និងមានវិញ្ញាសាដាក់​ឱ្យ​ប្រកួតចំនួន៣។ ឯកឧត្តមប្រធានសហព័ន្ធស្នើសុំក្រសួងអប់រំ យុវជន និងកីឡាចំនួន៤ចំណុច មានដូចជា ស្នើសុំការប្រមូលផ្តុំក្រុមឈុតនារីឡើងវិញ, ស្នើសុំទីតាំងហ្វឹកហាត់សម្រាប់​ឈុត​ធំជាអចិន្ត្រៃយ៍, ស្នើសុំផ្តល់ទីតាំងធ្វើជាទីលានហ្វឹកហាត់សម្រាប់សីដក់ឆ្នេរខ្សាច់ ព្រោះ​វិញ្ញាសា​សីដក់ឆ្នេរខ្សាច់នេះមានការប្រកួតជើងឯកអាស៊ី និងកីឡាអាស៊ីដែរ និងស្នើសុំ​បង្កើត​វិញ្ញាសាតាមកីឡាស៊ីហ្គេម ដោយសុំថវិកាគាំទ្របន្ថែម ដើម្បីឱ្យប្រភេទវិញ្ញាសានេះ​មាន​លទ្ធភាពចូលរួមប្រកួតលើឆាកអន្តរជាតិ។

ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួត​កីឡាសីដក់ជ្រើស​រើសជើងឯកថ្នាក់ជាតិ នាឆ្នាំ២០១៩ ត្រូវបញ្ចប់ដោយរលូន និងស្ថាពរ។ ឯកឧត្ដមបានបន្ដថា ជាការពិតណាស់ រយៈពេល៣ថ្ងៃនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីបញ្ចេញ​នូវ​ទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនី ម្នាក់ៗបានហ្វឹកហាត់កន្លងមក។ ឯកឧត្តមក៏ចូលរួមអបអរសាទរលទ្ធផលជ័យ លាភីមេដាយ ប្រាក់ ដែលក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅ ប្រទេសហ្វីលីពីន កន្លងមកថ្មីៗនេះ។ ជាមួយគ្នានោះ ឯកឧត្តមស្នើឱ្យមានការខិតខំបន្ថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍឱ្យកាន់តែប្រសើរ និងគោលដៅឈានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការ រៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន