នាវាទេសចរណ៍ ០២គ្រឿង ចូលចតកំពង់ផែសមុទ្រខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ –ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស  ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នាវាទេសចណ៍បរទេសចំនួន ០២គ្រឿង បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម  ។

មន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទី១  មានឈ្មោះ SEABOURN OVATION  មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ២១០.៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ។ នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៥៧៧នាក់ ស្រី ២៩១នាក់ មាន ២៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២៧នាក់ ស្រី ១៩២នាក់ មាន ៤៩សញ្ជាតិ ។ នាវា SEA BOURN OVATION នាំភ្ញៀវទេសចរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ៥០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវានេះមានគម្រោងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅវេលាម៉ោង ២០យប់ថ្ងៃដដែល  ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SEABOURN OVATION មានសញ្ជាតិច្រើនជាងគេមានដូចជា អង់គ្លេស, អូស្ត្រាលី , អាល្លឺម៉ង់ និងសញ្ជាតិផ្សេងទៀត ។ ក្នុងចំណោមភ្ញៀវទេស ចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ SEA BOURN OVATION ភ្ញៀវទេសចរចំនួន ៩នាក់ ស្រី ៥នាក់ មាន ៣សញ្ជាតិ បានបន្តដំណើរទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

ដោយឡែកនាវាទី២ មានឈ្មោះ NORWEGIAN JADE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ២.៥៧៦នាក់ ស្រី ១.៣៦៤នាក់ មាន ៦៤សញ្ជាតិ និងមាននាវិកសរុបចំនួន ១.០៣១នាក់ ស្រី ២៥៨នាក់ មាន ៥៧សញ្ជាតិ ។

នាវា NORWEGIAN JADE នាំភ្ញៀវទេសចរបរទេសមកពីប្រទេសថៃ ចូលចតនៅកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយនាវានេះមានគម្រោងចាកចេញពីដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៩យប់ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេសទាំង០២គ្រឿងនេះបានធ្វើដំណើរទៅកម្សាន្តអង្គរ ខេត្តសៀមរាប រាជធានីភ្នំពេញ រមណីយដ្ឋានរាម ស្រុកព្រៃនប់ ទីប្រជុំជនផ្សារក្នុងក្រុងព្រះសីហនុ តាមតំបន់រមណីយដ្ឋាន និងឆ្នេរសមុទ្រ ក្រុងព្រះសីហនុ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី