បុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩–នៅថ្ងៃពុធ​ ១៤រោច ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីផែនការរៀបចំ ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត និង មានការចូលរួមពីឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជារងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។

ឯកឧត្ដម ងួន រតនៈ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តមានសេចក្តីរីករាយបំផុតដែលខេត្តបាត់ដំបង ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈក្រសួងទេសចរណ៍ បានសម្រេចជ្រើសយកខេត្តបាត់ដំបង ធ្វើជាម្ចាស់ ផ្ទះ ក្នុងការរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០២០នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច  កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្ដម ប៉ាក់ សុខុម បានមានប្រសាសន៍ថា នៅក្នុងពិធីបុណ្យទន្លេនេះធ្វើឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដោយត្រៀមរៀបចំព្រឹត្តិការណ៍ធំ ៣ប្រភេទគឺ៖ ទី១-ដាំកូនឈើ, ទី២-ពិធីតាំងពិព័រណ៍តាំងផលិតផលខ្មែ និងបរទេសមាន២ជម្រើស, និងទី៣-កម្មវិធីកីឡាផ្សេងៗ ។

ក្រោយកិច្ចប្រជុំពិភាក្សាការងារនេះរួចមក ក្រុមការងារក៏បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំពិធីបុណ្យឱ្យបានល្អប្រសើរជាងមុនផងដែរ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង)