គ្រួសារយុទ្ធជន​​ចំនួន​១០គ្រួសាររស់នៅក្នុង​ស្រុករវៀង​ ទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ពី​កាកបាទក្រហមកម្ពុជា

AKP ព្រះវិហារ ​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩ –សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា​ ​ចុះសួរសុខទុក្ខ​ និង​ផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​របស់​កាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារយុទ្ធជន​​ចំនួន​១០គ្រួសាររស់នៅក្នុង​ស្រុករវៀង​ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីរួមចំណែក​លើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារយុទ្ធជន ដែលកំពុងធ្វើពលិកម្មជូនជាតិ​មាតុភូមិនៅតាមបណ្តោយព្រំដែន​ ​យកមក​ប្រកបមុខរបរ​បង្កបង្កើនផល​​ និងចិញ្ចឹមសត្វ ។

លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានពាំនាំប្រសាសន៍​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅ​ និងសុខុមាលភាព​របស់ប្រជាពលរដ្ឋ​ ជាពិសេសលើក​ទឹកចិត្ត​ដល់គ្រួសារទទួលផល​ទាំងអស់​ឱ្យបន្ត​ខិតខំពង្រីកមុខរបរ​ បង្កបង្កើនផល​ ឬ ក៏ចិញ្ចឹមសត្វ​ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តាំផ្ញើនូវការកោតសរសើរ​ដល់យុទ្ធជនជួរមុខទាំងអស់​ដែល​បាន​លះបង់ពេលវេលា​ ការរស់នៅជួបជុំក្រុមគ្រួសារ​ទៅបម្រើការងារការពារជាតិ​មាតុភូមិ​ រីឯភរិយា​រស់នៅផ្ទះខិតខំ​ប្រកបរបរ​ និងពង្រីកមុខរបរ​ចិញ្ចឹមកូនដើម្បីអនាគតជីវភាព​រុងរឿងមានសុភមង្គលក្នុងគ្រួសារ ។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ​ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់​កាកបាទក្រហមកម្ពុជា​ បាននិងកំពុងអនុវត្តន៍នៅតាមស្រុកគោលដៅចំនួន១២​ ក្នុងខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ពោធិ៍សាត់​ និងខេត្តកណ្តាល ។

សូមបញ្ជាក់ថា​ សម្រាប់ខេត្តព្រះវិហារ​ ចាប់តាំងពីឆ្នាំ២០០៥​ ដល់ឆ្នាំ២០១៩នេះ​ កាក​បាទក្រហមកម្ពុជា​ បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន​ ៦៣៨គ្រួសារ​ ក្នុងនោះ​គ្រួសារពិការ​ ១១៧គ្រួសារ​ ដែលរស់នៅ​ស្រុករវៀង​ និងស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ដែលប្រាក់កម្ចីនេះ​គ្រួសារនីមួយៗទទួលថវិកាចំនួន ១លានរៀល ​បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង​ តាមរយៈការប្រកបរបរដាំដំណាំ​ ចិញ្ចឹមសត្វ​ លក់គ្រឿងទេស​ កាត់ដេរ​ អ៊ុតសក់​ ជួសជុលកង់ម៉ូតូ ជាដើម ៕

ដោយ ទិត ស្រ៊