រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយ​ការអនុវត្តអនុក្រឹត្យស្តីពីមុខងារ និង​រចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាសុខា​ភិបាលឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃពុធ​ ១៤រោច ​ខែមិគសិរ ​ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើការផ្សព្វផ្សាយស្តីពីការអនុវត្តអនុ​​ក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុងស្រុក និងអនុក្រឹត្យស្តីពីការប្រគល់មុខងារ គ្រប់គ្រង​និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំធំ​សាលាខេត្ត ក្រោម​វត្តមាន ឯកឧត្ដម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមន្ត្រីរាជការ​​​ មកពីមន្ទីរអង្គភាព​​ទាំង៩ក្រុង​ស្រុក​ឃុំ​សង្កាត់​ប្រមាណជាង១០០០នាក់​។

ក្នុងពិធីនេះ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្តម ខេង ស៊ុម បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា ​ការរៀបចំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​​​លេខ​១៩៣ អនក្រ​.​បក ចុះ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង​និង​ផ្តល់​សេវា​ថ្នាក់មូលដ្ឋាន​និង​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាលខេត្ត​ក្នុង​គោលបំណង​គឺ​ធ្វើ​ឱ្យប្រសើរឡើង​ នូវ​ការផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ តាមរយៈ​ការ​បង្ខិត ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការទទួលខុសត្រូវ ក្នុងការ​គ្រប់គ្រង​សេវា​សុខាភិបាល​ឱ្យទៅ​កៀក​ជិត​ប្រជាពលរដ្ឋនោះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានគូសបញ្ជាក់ថា​ ការប្រតិបត្តិ​នូវ​បណ្តា​អនុក្រឹត្យ និង​សេចក្តីណែនាំ​ទាំងនេះ គឺ​ដើម្បី​ធានា​ឱ្យ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មុខងារ​នានា​ដែល​បាន​ផ្ទេរ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាចអនុវត្ត​ទៅបាន​យ៉ាង​ជោគជ័យ ចាប់ពី​ដើមឆ្នាំ​២០២០ ខាងមុខនេះ​។​

ឯកឧត្តម អ៊ុំ រាត្រី បន្ត​ទៀតថា ត្រូវ​រៀបចំ​អនុវត្ត​ការ ធ្វើ​សមាហរណកម្ម​ការិយាល័យ អង្គភាព​នានា និង​ការផ្ទេរ​បុគ្គលិក ទៅក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ស្រុក ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​រួចរាល់​ដើម្បី​ទទួល​ការផ្ទេរ​ធនធាន ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​សិទ្ធិ​កាតព្វកិច្ច គ្រប់​មន្ទីរជំនាញ​ត្រូវ​បន្ត​ការគាំទ្រ​បច្ចេកទេស ស្មារតី និង​ធនធាន​សម្ភារៈ​មួយចំនួន​ដែល​បាន​គ្រោង​ឡើងជា​ផែនការ​សកម្មភាព​ទៅដល់ ថ្នាក់ក្រុង ស្រុក​ដើម្បី​អាច​ដំណើរ​ការផ្តល់សេវា​រប​ស់​ខ្លួន ​​ឱ្យបានរលូននិងមានតម្លាភាពនោះ។​​

​ អភិបាលខេត្តបន្ទាយមានជ័យរូបនេះបានបញ្ជាក់​ឱ្យ​ដឹង​ទៀតថា ក្នុងការ​កែទម្រង់​នេះ​គឺ​ដើម្បី​ធានា​ដល់​ការសម្រេចបាន​នូវ​គោលបំណង​សំខាន់ៗមួយ​ចំនួន ​រួមមាន​​​ដើម្បី​ពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញរបស់​ព្រះរាជាណា ចក្រ​កម្ពុ​ជា​។ ​ដើម្បី​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​សាធារណៈ ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​ដើម្បី​បង្កើន​ធនធាន និង​ការចូលរួម​របស់​សហ​គម​ន៍ ​​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ជាដើម​៕

ដោយឈុនសារ៉ាត

​​