ក្លឹបក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន លើកទី៣

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — ក្លឹបកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបាន មេដាយ មាសច្រើនជាងគេពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន លើកទី៣ ប្រចាំឆ្នាំ២០១៩ ដោយបានបិទបញ្ចប់ដោយជោគជ័យ​កាលពីល្ងាចថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសបានឱ្យដឹងថា ក្លឹបកីឡាកាយសម្ព័ន្ធ​ដែលឈ្នះមេដាយមាសច្រើនជាងគេនោះ គឺឈ្នះមេដាយមាស៤គ្រឿង និងមេដាយប្រាក់៥​គ្រឿង ខណៈលេខ២បានទៅលើក្លឹបកីឡាកាយសម្ព័ន្ធខេត្តក្រចេះមេដាយមាស៤គ្រឿង ប្រាក់​៤គ្រឿង និងមេដាយ​​សំរឹទ្ធិ៤គ្រឿង ក្លឹបកីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំងដណ្តើមមេដាយ​មាស​៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធិ៧គ្រឿង និងក្លឹបកីឡាកាយសម្ព័ន្ធ​ខេត្តតាកែវ មេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបញ្ជាក់ថា ព្រឹត្តិ​ការណ៍នេះត្រូវបានធ្វើឡើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រភេទកីឡាកាយសម្ព័ន្ធនូវហេដ្ឋា​រចនា​​សម្ព័ន្ធធនធានមនុស្ស ចៅក្រម កីឡាករ-កីឡាការិនីឱ្យទទួលបានលទ្ធផលល្អ។ លោក​បន្ដ​ថា ការ​ប្រកួត​ជើងឯករយៈពេល៦ថ្ងៃកន្លង លោកសង្កេតឃើញថា កីឡាករ-កីឡាការិនី​មានការខិត​ខំប្រកួតប្រជែងគ្នាប្រកបដោយក្រមសីលធម៌ គោលការណ៍ Fair Play បញ្ចប់​ដោយរលូន និងជោគជ័យ។ លោកបានលើកឡើងថា បើយើងធ្វើការប្រៀបធៀបជាមួយ​ឆ្នាំមុនៗមានការកើនឡើងផ្នែកគុណផល បច្ចេកទេសល្អជាងឆ្នាំមុនៗ ជាពិសេសក្នុងឆ្នាំ​នេះ​សហព័ន្ធសាម៉ីបានសហការជាមួយអង្គភាពពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកផ្តល់ការគាំទ្រថវិកាជាតិ និងថវិកា ឧបត្ថម្ភបន្ថែមពីឯកឧត្តម ថោង ខុន សម្រាប់ការ​ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធ​កាយ​សម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍កីឡាជំនាញ នេះឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា​តំណាងឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​ជួយជ្រោមជ្រែងដល់វិស័យ កីឡាជាតិ តាមរយៈកញ្ចប់ថវិកាជាតិ ដើម្បីរួមគ្នាធ្វើឱ្យវិស័យកីឡា​កាយ​​សម្ព័ន្ធកម្ពុជាមានការរីកចម្រើនជាលំដាប់គួរឱ្យកត់សម្គាល់។ ឯកឧត្ដមបានគូស​បញ្ជាក់​ថា នៅដើមឆ្នាំ២០២០ យើង​នឹង​បញ្ជូនកីឡាករ កីឡាការិនីជាច្រើននាក់​ទៅហ្វឹកហាត់​នៅ​ប្រទេសចិន ដើម្បីត្រៀមខ្លួន​ទទួល​ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយ​ឯកឧត្តម ថោង ខុន ក្នុងនាម​ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងក្លាយជា​ប្រធានក្រុមប្រឹក្សាភិបាលកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមបាន​ជំរុញ​ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីទាំងអស់គប្បីត្រូវខិតខំប្រឹងប្រែងអស់ពី​សមត្ថភាព ដើម្បីស្វែងរកគុណផល​កីឡាឱ្យបានខ្ពស់ ដើម្បីគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕

ដោយ ហេង ​ណាលីន