លេខាធិការដ្ឋានអេដស៍ខេត្តឧត្តរមានជ័យ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩

AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — លេខាធិការដ្ឋានអេដស៍ខេត្ត បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ ” យើងរួមគ្នាបញ្ឈប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ដោយទាំងអស់ គ្នារួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ” ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មការអេដស៍ ខេត្ត កាលពីថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស ក្រុមកាយរឹទ្ធិ ប្អូនៗស្ម័គ្រចិត្តកាកបាទក្រហម មន្ត្រីសុខាភិបាល អ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៥៤នាក់។

លោក លឹម សុខតូ បានមានប្រសាសន៍ថា ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ថ្ងៃ០១ធ្នូ គឺជាពេលវេលាមួយដើម្បី រម្លឹកដល់ជីវិតបាត់បង់ ភាពរីករាយចំពោះដំណើរជឿនលឿនដែលសម្រេចបាន ព្រមទាំងធ្វើការប្តេជ្ញាចិត្តក្នុងការ បញ្ចប់ជំងឺអេដស៍។ របាយការណ៍ថ្មីមួយ នៃកម្មវិធីអង្គការសហប្រជាជាតិស្តីពី ហ៊ីវ/អេដស៍ បង្ហាញឱ្យឃើញថា នៅក្នុងពិភពលោកអ្នកទទួលការព្យាបាលជំងឺអែដស៍មានកំណើនយ៉ាង ច្រើន ការព្យាបាលបានស្តារជីវិតមករកភាពពេញលេញ និងសុខភាពល្អឡើងវិញ។ ប្រទេសកម្ពុជាបានសម្រេចជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងការព្យាបាលជំងឺអេដស៍។

លោកអភិបាលរងខេត្ត បន្តថាប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាអ្នក នាំមុខគេ នៅក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺអេដស៍ ជាមួយនឹងការផ្តោតលើការ រកមើលអ្នកផ្ទុកមេរោគអេដស៍ ដែលមិនទាន់បានទទួលរោគវិនិច្ឆ័យ និងការធានាគុណភាព នៃសេវាជំងឺអេដស៍ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ក្នុងការបញ្ឈប់ ជំងឺអេដស៍ ដែលជាការគំរាមកំហែងមួយដល់សុខភាពសាធារណៈ។ ហេតុនេះដើម្បីឱ្យ បានសម្រេចជោគជ័យមន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ចុះផ្សព្វផ្សាយអប់រំពីជំងឺអេដស៍ ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងច្បាស់អេដស៍ នៅគ្រប់មូលដ្ឋានក្នុងខេត្តរបស់យើង៕

ដោយ ទិត ស្រ៊