ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាឧត្តរ ក្រុងខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — សមិទ្ធផលនានារួមមាន ខ្លោងទ្វារសាលា អគារសិក្សាមួយខ្នង មាន៤បន្ទប់ រូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកសម្ដេចសង្ឃរាជជួនណាត ដែលជាអំណោយសប្បុរស ជនជូនដល់សាលាបឋមសិក្សាឧត្តរ ដែលស្ថិតក្នុងក្រុមទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន  ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរអរគុណដល់សប្បុរសជនពិសេសលោក ឧកញ៉ា ហួត ឈឿន ប្រធាន សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី ដែលបានបរិច្ចាគ ថវិកាជាច្រើន ដើម្បីរួមចំណែកកសាងក្នុងសាលានេះមានដូចជា អគារសិក្សា១ខ្នង មាន៤បន្ទប់ និងផ្ដល់ជា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងសមិទ្ធផលជាច្រើនទៀត រួមចំណែកក្នុងការការអភិវឌ្ឍ និងលើកកម្ពស់មួយកម្រិតទៀតដល់វិស័យអប់រំក្នុងខេត្ត និងបានរួមចំណែកធ្វើឱ្យបរិស្ថាន សាលាល្អ ជាការទាក់ទាញដល់សិស្សានុសិស្ស មានចិត្តចង់ចូលសិក្សា។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដល់ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យអប់រំបានចាត់ទុក ជាវិស័យ អាទិភាពក្នុងរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦របស់រដ្ឋសភានេះ ហើយបានចាត់ ទុកធនធានមនុស្សជាអាទិភាពក្នុងយុគសម័យឌីជីថលថ្មីនេះ។ វិស័យអប់រំជាចំណុច សំខាន់ក្នុងការបង្កើតធនធានមនុស្ស។ ប្រទេសជាតិមានការរីកចម្រើន និងមានការ អភិវឌ្ឍបានសំខាន់អាស្រ័យដោយប្រទេសនោះសម្បូរធនធានមនុស្ស។ ប៉ុន្តែអ្វីដែលសំខាន់ នោះប្រទេសជាតិនោះសម្បូរធនធានមនុស្សក៏ដោយតែបើគ្មានសុខសន្តិភាពក៏មិនអាចធ្វើការអភិវឌ្ឍបានឡើយ។ ដូចនេះប្រទេសជាតិមានសុខសន្តិសុខ និងសុខសន្តិភាព ទើបមានការអភិវឌ្ឍ។ ការអភិវឌ្ឍបានយូរអង្វែងលុះតែប្រទេសនោះមានសុខសន្តិភាពពិត ប្រាកដ ប្រទេសរបស់យើងកំពុងមានសុខសន្តិភាពពិតប្រាកដហើយ ដូចនេះចូរយើង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយផងដែរ។

ឯកឧត្តម អ៊ុន  ចាន់ដា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នារួមគ្នាថែរក្សានៅសមិទ្ធផលទាំងនេះឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើង និងបន្តចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមទប់ស្កាត់ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនក្នុងគ្រប់សកម្មភាពទាំងអស់។ អ្វីៗទាំងអស់យើងទទួលបាន នោះគឺអាស្រ័យដោយផ្តើមចេញពីយើងទាំងអស់គ្នារួមគ្នាគ្រប់សកម្មភាព៕

ដោយ ឆាយ ម៉ុត