រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីសមាហរណកម្មរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញ

AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩–នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ ១៣រោច​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.​២៥៦៣​ ត្រូវ​នឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារ នៅតាមរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានា នៅថ្នាក់ក្រុង ស្រុក នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រីប្រថាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទូទាំងខេត្ត និងមន្រ្តីការិយាល័យជំនាញជាច្រើននាក់ ។

លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុកនាពេលនេះ គឺដើម្បីធ្វើយ៉ាងណាធានានូវគោលការណ៍ ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ធានានូវអត្ថប្រយោជន៍នានារបស់បុគ្គលិក ដូចជា ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ធានានូវនិរន្តរភាពការងារ នៅតាមរដ្ឋបាល ក្រុង ស្រុក និងការផ្តល់សេវានានា ទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្ម ឱ្យមន្ត្រីជំនាញនៃវិស័យនីមួយៗ ត្រូវបានធ្វើសមាហរណកម្ម ទៅក្នុងការិយាល័យ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កិច្ចការសំខាន់ៗ ដើម្បីឱ្យដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារតាមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក និងបុគ្គលិកដែលត្រូវបានផ្ទេរពីការិយាល័យ អង្គភាពជំនាញនានាត្រូវរៀបចំបញ្ចូល ទៅក្នុងការិយាល័យ ឬអង្គភាពដែលពាក់ព័ន្ធនឹងតួនាទី ភារកិច្ចដែលសាមីខ្លួនកំពុងទទួលខុសត្រូវ ឬ ស្របទៅតាមជំនាញបច្ចេកទេស និងបទពិសោធន៍ការងាររបស់សាមីបុគ្គលិកម្នាក់ៗ។

លោកក៏បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសម្របសម្រួល សហការរៀបចំកម្មវិធីការងារ និងជំរុញអនុវត្តន៍ការងារតាមភារកិច្ច ដែលបានកំណត់ពាក់ព័ន្ធ នឹងដំណើរការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីដាក់ជូន គ.ជ.អ.ប. ពិនិត្យ សម្រេចឱ្យបាននាដើមឆ្នាំ២០២០ខាងមុខនេះ។

លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវខិតខំបម្រើប្រជាពល រដ្ឋឱ្យបានល្អទ្វេដង ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋមានសេដ្ឋកិច្ចរីកចម្រើន៕

ដោយ បៃ ស៊ីថុន