វេទិកាសាធារណៈ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌ៧មករា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — ព្រះសង្ឃនិងពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយចំពោះអ្នកធ្វើអាជីវកម្ម ធ្វើមាស អ្នកចាញ់ថ្នាំរថយន្ដ នៅជុំវិញវត្ដសំពៅមាស គំនរសំរាមនៅជុំវិញផ្សារអូឫស្សី និងបញ្ហាផ្សេងៗទៀត។ ការស្នើសុំបែបនេះ នៅក្នុងវេទិកាសាធារណៈ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌ៧មករា កាលពីរសៀលថ្ងៃអង្គារ ១៣រោច​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.​ ២៥៦៣​ ត្រូវ​នឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក សាង ដាហ៊ីម រស់នៅសង្កាត់បឹងប្រលឹត បានស្នើសុំឱ្យអាជ្ញាធរក្រុង ខណ្ឌ ជួយពន្លឿនការស្នើសុំផ្ទេរសិទ្ធិប្រថាប់ត្រា ឱ្យបានឆាប់រហ័ស ដោយសារកន្លងមកនេះលោកទៅផ្ទេរសិទ្ធិនៅសាលាសង្កាត់ ខណ្ឌ ពន្ធដារខណ្ឌ ដោយប្រើរយៈពេលរាប់ខែ។  ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមធានាថានឹងយកសំណើ សំណូមពរលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូនព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់អស់ លោក លោកស្រីវិញតាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះ ស្រាយ ជូនទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅតាមខណ្ឌ ទាំង១៤ ត្រូវបានបញ្ចប់។

ឯកឧត្ដម បានបន្ដថា រាល់សំណួរ សំណើ និងសំណូមពរ របស់អស់លោក លោកស្រីនឹងយកទៅពិនិត្យ ពិចារណា ព្រមទាំងផ្ដល់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់ ខណ្ឌ នៃរាជធានី ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។

លោកជំទាវ កែវ សុខពិសី អភិបាល រងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងកែលម្អ ការផ្តល់សេវាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៏ស៊ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដែលអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅសាលារាជធានីភ្នំពេញ ក៏ដូចជានៅតាមសាលាខណ្ឌទាំង១៤ គឺ យើងបានបង្កើតច្រកចេញ-ចូលតែមួយ និងការិយាល័យរបស់ប្រជាពលរដ្ឋ ដែលអាចបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងអាចកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕

ដោយសួស សំរិត