សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងកសាងផ្សារគំរូតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងស្វាយរៀង នឹងប្រើប្រាស់ថវិការបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសអំពីការប្រើប្រាស់ថវិការបស់កម្ពុជា សម្រាប់គម្រោងកសាងផ្សារគំរូតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងស្វាយរៀង បន្ទាប់ពីផ្សារគំរូ (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្រោមការជួយថវិកាសាងសង់របស់រដ្ឋាភិបាលវៀតណាម ប្រមាណជិត២លានដុល្លារអាមេរិកនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារគំរូព្រំដែនកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា  គម្រោងសាងសង់ផ្សារគំរូព្រំដែនថ្មីបន្ថែមចំនួន២ទៀត នៅខេត្តជាប់ព្រំដែនវៀតណាម គឺខេត្តស្វាយរៀង និងខេត្តកំពត អាចនឹងប្រើប្រាស់ថវិកាជាតិ ដើម្បីសាងសង់ផ្សារគំរូថ្មីទាំង២នេះ ដែលការប្រកាសប្រើថវិកាជាតិ សម្រាប់សាងសង់ផ្សារគំរូទាំងពីរនេះ ដោយសារតែការស្នើសុំឱ្យភាគីវៀតណាម ជួយសាងសង់ផ្សារទាំង២នេះ មិនទាន់ទទួលបានចម្លើយយល់ព្រមពីភាគីវៀតណាមនៅឡើយ ហើយដំណើរការក្នុងការចរចាគ្នា ប្រើប្រាស់ពេលវេលាយូរ និងចំណាយច្រើនថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចំណាយសាងសង់ផ្សារគំរូមួយ ប្រើប្រាស់ថវិកា២លានដុល្លារអាម៉េរិក ដែលពីមុនគិតថាជាចំនួនច្រើនសម្រាប់កម្ពុជា តែពេលនេះតម្លៃ២លានដុល្លារនេះ មិនច្រើនសម្រាប់កម្ពុជានោះទេ ដូច្នេះកម្ពុជាគប្បីសាងសង់ដោយខ្លួនឯង និងសង់ឱ្យបានឆាប់។ សម្ដេចតេជោថ្លែងថា “អញ្ចឹងទេ បានជាខ្ញុំចង្អុលបង្ហាញ ផ្សារដែលគ្រោងធ្វើនៅក្នុងខេត្តស្វាយរៀង និងកំពត គប្បីប្រើថវិកាជាតិរបស់កម្ពុជាធ្វើតែម្តងទៅ ពិតមែនតែយើងបានដាក់សំណើ ទៅមិត្តវៀតណាមហើយ សុំឱ្យជួយសង់ផ្សារនៅកំពត និងស្វាយរៀង តែឥឡូវនេះមិនទាន់មានចម្លើយពីមិត្តវៀតណាមទេ ប៉ុន្តែខ្ញុំចង្អុលបង្ហាញថា កម្ពុជាគប្បីធ្វើខ្លួនឯង”។ ចំពោះការសាងសង់ផ្សារគំរូថ្មីទាំង២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមរៀបចំគូរប្លង់ និងរៀបចំដីឱ្យបានរួចជាស្រេច ដើម្បីធ្វើយ៉ាងណាដំណើរការឱ្យបានឆាប់កុំរង់ចាំយូរទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីឱ្យស្រុះស្រួលទាំងអស់ ធានាឱ្យបានថា ការសាងសង់ផ្សារគំរូព្រំដែន មានដំណើរការដោះដូរពាណិជ្ជកម្មរវាងគ្នានិងគ្នាបានល្អ នៅជិតនឹងច្រកព្រំដែនកម្ពុជា-វៀតណាម។

សម្តេចតេជោបានបញ្ជាក់ទៀតថា ការសាងសង់គំរូព្រំដែនចំនួន៣នេះ គឺជាការចាប់ផ្តើមជំហានដំបូងប៉ុណ្ណោះ នៅមានជំហានបន្តបន្ទាប់ទៀត ក្នុងការសាងសង់ផ្សារនៅតាមព្រំដែននេះ ដោយសម្តេចថា ចំពោះតម្លៃក្នុងសាងសង់ត្រឹមផ្សារមួយ តម្លៃ២លានដុល្លារមិនមែនជាតម្លៃច្រើននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការជំរុញឱ្យមានការសាងសង់ផ្សារគំរូតាមព្រំដែនឱ្យបានច្រើននេះ គឺជាគោលដៅជំរុញបន្ថែមនៃគោលនយោបាយប្រែក្លាយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្រៅពីការសាងសង់ផ្សារគំរូព្រំដែនជាមួយវៀតណាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្សារព្រំដែន ជាមួយភាគីថៃផងដែរ។ក្នុងខណៈអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារគំរូព្រំដែនកម្ពុជានេះដែរ ឯកឧត្ដម ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងថា ផ្សារដារ ដែលជាផ្សារគំរូព្រំដែនកម្ពុជា គឺជាគម្រោងមួយប្រកបដោយអត្ថន័យជ្រាលជ្រៅ សបញ្ជាក់ចំពោះទំនាក់ទំនងសេដ្ឋកិច្ច សាមគ្គីភាព រវាងប្រទេសទាំងពីរ។ ឯកឧត្ដមក៏សូមពាំនាំនូវការអបអរសាទរពីនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ជូនចំពោះសមិទ្ធផលដ៏ធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្ដេចអគ្គហាសេនាបតតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្តថា វៀតណាមសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម ក៏ដូចជាចក្ខុវិស័យយូរអង្វែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ ហើយនេះក៏ជាសេចក្ដីប្រាថ្នាចង់បានរួមរវាងប្រជាជន និងប្រជាជាតិនៃប្រទេសទាំងពីរ។

ឯកឧត្ដមជឿជាក់ថា ផ្សារដារ ក្នុងតួនាទីរបស់ខ្លួន និងការគាំទ្រដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជនតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ នឹងក្លាយទៅជាទីកន្លែងពាណិជ្ជកម្មដ៏សំខាន់ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែន តាមរយៈនោះ ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងជូនដល់ប្រជាជន នៃប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីវៀតណាមបានរម្លឹកថា  វៀតណាម-កម្ពុជា គឺជាប្រទេសមានចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការតាំងពីយូរយារណាស់មកហើយៗប្រទេសទាំងពីរធ្លាប់ប្រកៀកស្មាជាមួយគ្នា ដើម្បីឆ្លងកាត់ដំណាក់កាលលំបាកជាងគេក្នុងប្រវត្តិសាស្ត្រ ហើយសព្វថ្ងៃកំពុងជួយគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអត្ថន័យជ្រាលជ្រៅ។ ជាមួយគ្នានេះ វៀតណាម-កម្ពុជា បានសហការជាមួយគ្នា ដើម្បីរៀបចំបូកសរុបកិច្ចការខាងព្រំដែន និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដំណាក់កាលឆ្នាំ២០០៦-២០១៩ និងចុះហត្ថលេខាលើរបៀបវារៈពីរ ទទួលស្គាល់លទ្ធផល ៨៤ភាគរយ នៃកិច្ចការបោះបង្គោលព្រំដែនខណ្ឌសីមានៃប្រទេសទាំងពីរ ហើយថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យប្រវត្តិសាស្ត្រ ហើយគឺជាមូលដ្ឋានគ្រឹះដើម្បីភាគីទាំងពីរអាចឈានដល់ការបញ្ចប់ការបោះបង្គោលព្រំដែន និងខណ្ឌសីមាដៅគោកនាពេលខាងមុខ។  ទន្ទឹមនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងវៀតណាម និងកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយក្លាយជាសសរទ្រូងមួយ ក្នុងចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ។ 
សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមការព្យាករណ៍ នឹងសម្រេចបាន ៥,០០០លានដុល្លារអាម៉េរិក ក្នុងដំណាក់កាលឆ្នាំ២០១៩-២០២០ ហើយសព្វថ្ងៃវៀតណាមមាន២១៤គម្រោងកំពុងវិនិយោគ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុប ៣,៣ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងចំណោម ៥ប្រទេសដែលវិនិយោគច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយវៀតណាមក៏កំពុងជួយប្រទេសកម្ពុជា ក្នុងការអនុវត្តគម្រោងជំនួយហិរញ្ញប្បទានមួយចំនួនផងដែរ។ ទន្ទឹមនេះ ប្រទេសទាំងពីរក៏នៅមានសក្ដានុពលជាច្រើនទៀត ដើម្បីលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងអនាគតខាងមុខនេះ៕

ដោយ ជឹម ណារី