ចក្ខុវិស័យរបស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន គឺចង់ឃើញមន្ត្រីមានពហុជំនាញ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៩ — ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលដំបូងដល់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២១នាក់ នៅទីស្ដី ការក្រសួង។

ប្រភពដដែលបាន​គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីបណ្ដុះ ចក្ខុវិស័យ ចំណេះដឹង ជំនាញ និងអាកប្បកិរិយា ជាពិសេស បណ្ដុះមនសិការវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីក្របខ័ណ្ឌថ្មី ដើម្បីឱ្យពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានលឿន មាន​ប្រសិទ្ធភាព និងតម្លាភាព។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ចក្ខុវិស័យរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង គឺចង់ឃើញមន្ត្រីមានពហុជំនាញ ហើយ​ក្រសួងតែងតែបណ្ដុះបណ្ដាលមន្ត្រីតាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្ដុះ បណ្ដាល​ខ្លីទាំងក្នុង និងក្រៅប្រទេស និងបានអញ្ជើញគ្រូមកពីសាលាល្បីៗដើម្បីធ្វើបទ បង្ហាញជាដើម។ ដូច្នេះ មន្ត្រីក្របខ័ណ្ឌថ្មីត្រូវតែសិក្សារៀនសូត្រ ស្រាវជ្រាវចំណេះដឹង និងជំនាញនានាទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានស៊ីជម្រៅ ព្រមទាំងសិក្សាស្រាវជ្រាវពីបទប្បញ្ញត្តិនានាទាក់ទងនឹងមន្ត្រីរាជការស៊ីវិល តួយ៉ាងច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ដ្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការបានផ្ដាំផ្ញើឱ្យមន្ត្រីក្របខ័ណ្ឌថ្មីយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស និងចូលរួមលើកជាសំណួរ និងផ្ដល់ មតិយោបល់ឱ្យបានផុលផុស សំដៅឱ្យការបណ្ដុះបណ្ដាលនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះវាជាឈ្នាន់ក្នុងការអនុវត្តការងារឱ្យបានប្រសិទ្ធផលខ្ពស់ ពេលចូលទៅបម្រើការងារ នៅតាមអង្គភាពរៀងៗខ្លួន៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)