ប្រកាសបើកការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀសឆ្នាំ២០២០ មានកីឡាករចូលរួមចំនួន៣២ ក្រុម មកពីទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ — ភេសជ្ជៈអាឃ្វ័ររៀស បានប្រកាសបើកការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀសឆ្នាំ ២០២០ (Aquarius Cup 2020) ដែលមានកីឡាករចូលរួមការប្រកួតចំនួន៣២ក្រុម មកពី​ទូទាំង​ប្រទេស ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់អាឃ្វ័ររៀស។ការប្រកាសបើក​ការប្រកួត​នេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅទីលានបាល់ទាត់នៃ​វិទ្យាល័យ ឥន្ទ្រទេវី។

កញ្ញា ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្ម​ប្រចាំ​ប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា​កូកា-កូឡាបានបញ្ជាក់ថា ឆ្នាំនេះ អាឃ្វ័ររៀស ពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការ​រៀប​ចំ​​ការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស(Aquarius Cup) ដែលមិនមែនត្រឹមតែ​ជាការប្រកួត​កីឡា​​បាល់ទាត់តែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយសម្រាប់កីឡាករបញ្ចេញសមត្ថភាព និង​បង្ហាញពីការឱ្យតម្លៃរបស់ពួកគេចំពោះ មិត្តភាព ការងារជាក្រុម សាមគ្គីភាព និងការគោរពគ្នា តាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេចំពោះកីឡាមួយនេះ។ កញ្ញាបន្ដថា ការប្រកួតនេះ នឹងប្រព្រឹត្តទៅ ក្នុងរយៈពេលជាង៤សប្តាហ៍ នៅទីលានបាល់ទាត់នៃវិទ្យាល័យឥន្ទ្រទេវី ក្នុង​រាជធានីភ្នំពេញ ហើយរាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងក្រោមការចូលរួមកាត់សេចក្តីរ​បស់​អាជ្ញា​កណ្តាល ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ជាមួយគ្នានេះ សម្រាប់ក្រុមដែល​ទទួលពានរង្វាន់អាឃ្វ័ររៀសឆ្នាំ២០២០ ចំពោះរង្វាន់​ទីមួយ ទទួល​បាន​ទឹកប្រាក់សុទ្ធ ២០ លានរៀល រង្វាន់ទីពីរ ទឹកប្រាក់សុទ្ធចំនួន១០ លានរៀល  រង្វាន់ទីបី ទឹកប្រាក់សុទ្ធចំនួន៥​លាន​​រៀល និងរង្វាន់ទីបួន ជាមួយទឹកប្រាក់សុទ្ធចំនួន៣ លានរៀល។

លោក ជឹង ឃាងលី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងជាអនុ​ប្រធានក្លឹប នគរបាលជាតិ បានមានប្រសាសន៍ថា ការលេងកីឡានាំមកនូវសុខភាព សាមគ្គី ភាព និងមិត្តភាព រវាងក្រុមនិងក្រុម ក៏ដូចជារវាងកីឡាករ និងកីឡាករផងដែរ។ លោកបាន កោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមចុះឈ្មោះក្នុងការប្រកួតរបស់កីឡាករ​ទាំង៣២ក្រុម ដែលនេះគឺជាជម្រើសមួយដ៏ប្រសើរ ក្នុងការអភិវឌ្ឍការងារជាក្រុម និងកាយ សម្បទា ក្នុងនាម ជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ជាជាងយកពេលវេលានេះ​ទៅសេព​គប់​មិត្តភក្តិមិនល្អ សេពគ្រឿងញៀន ឬគ្រឿងស្រវឹងនានា។ លោកបានបន្ថែមថា “ការចូលរួម​របស់យុវជន នៅទី នេះ ទាំងអស់សុទ្ធតែជាធនធានមនុស្សដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ន និង​ពេល​អនាគត”។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស(Aquarius Cup) គឺជាគំនិតផ្តួចផ្តើម​របស់​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដើម្បីចែករំលែកជាមួយប្រជាជន​កម្ពុជានូវភេសជ្ជៈជាតិរ៉ែ បង្កើន​ភាពស្វាហាប់។ អាឃ្វ័ររៀស បំបាត់ភាពស្រេកទឹក និងបំពេញ​ជាតិ​​​ទឹកបានឆាប់រហ័ស​ដល់​រាង កាយ។ ផលិតផល​អាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុង​ឆ្នាំ​២០១៤ ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) ហើយផលិតផលនេះទទួលបានការ​ពេញ​និយម យ៉ាងខ្លាំងពីសំណាក់អតិថិជនជាអ្នកនិយមលេងកីឡា ក៏ដូចជាប្រជាជនដែល​សកម្ម​​​ក្នុង ​ជីវភាព​រស់នៅប្រចាំថ្ងៃ៕

ដោយ ហេង ណាលីន