រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន និង ពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសាកល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការបង្ក្រាប ទៅលើល្បែងស៊ីសងគ្រប់ប្រភេទ ការ​បង្ក្រាបគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ  ដើម្បីពង្រឹងសន្តិសុខសណ្តាប់​ធ្នាប់ជូនប្រជា ពលរដ្ឋ​ក្នុងឱកាសបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់​ពេល​​ដ៏ខ្លីខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយ​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា បុណ្យគ្រីសស្មាស និងបុណ្យចូលឆ្នាំសកល​នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់​ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានសប្បាយនៅក្នុងពិធីបុណ្យខាងលើនេះ។ ឯកឧត្ដមបានបន្ដថា យើងត្រូវធ្វើនោះគឺការរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជាមួយ​នឹងការ​សម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋនឹងចូលរួមសប្បាយ​រីករាយ​ក្នុងពិធីបុណ្យនេះ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានលើក​ឡើងថា ការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀន ជាបញ្ហាដ៏ធំ ដែលអាជ្ញា​ធរមានសមត្ថកិច្ច ត្រូវតែបង្ក្រាបឱ្យខាងតែបាន។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបានបន្ដថា ល្បែងស៊ីសងជាដើមចមបង្កឱ្យមានអសន្តិសុខនៅក្នុងសង្គម ហើយការងារនេះ ឃើញថាអភិ​បាលខណ្ឌក៏បានដឹកនាំដើម្បីបង្ក្រាបបានជាច្រើនករណីផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យល្បែង​ស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង៕

ដោយ សួស សំរិត