ក្រសួងសាធារណការ និងអាជ្ញាធរខេត្ដបាត់ដំបង ចុះផ្សព្វផ្សាយអប់រំ​អំពីសុវត្ថិភាពចរាចរណ៍ និងការចែកជូនមួកសុវត្ថិភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

AKP បាត់ដំបង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូនផ្លូវគោក ក្រសួងសា​ធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្ដបាត់ដំបង ​បានចុះធ្វើយុទ្ធនាកាអប់រំ​ផ្សព្វផ្សាយ “រួមគ្នា​ដើម្បី​សុវត្ថិភាពចរាចរណ៍” និងការចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃ ដើម្បី​ចូលរួមបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានកាន់តែ​ ​ទូលំទូលាយថែមទៀត។ យុទ្ធនាកាអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅ​ចំណុច​ក្បែររង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គ​នាយក​ដ្ឋានដឹក​ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា យុទ្ធ​នាការនេះ​មានរៀបចំជាកម្មវិធីសួរ និងឆ្លើយសំណួរដើម្បីទទួលបាននូវមួកសុវត្ថិភាព ការ​ចែកជូន​ឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងស្ទីកឃ័រចំណាំងផ្លាត រួមទាំងការ​ផ្តល់​ជូន​សេវា​​ត្រួតពិនិត្យសុវត្ថិភាពយានយន្តចំនួន៣០ចំណុចដល់អ្នកចូលរួមទាំងអស់។ លោក​បាន​​គូស​បញ្ជាក់ថា បងប្អូនប្រជា​ពលរដ្ឋ​ដែលចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជា​ពិសេស​អ្នកប្រើប្រាស់ទោចក្រយានយន្ត អាចចូលរួមឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាព​ពីក្រុមការ​ងារបាន តាមរយៈកម្មវិធី “Cambodia Driving Rules” ដែលជាកម្មវិធីប្រើប្រាស់លើ​ឧបករណ៍​អេឡិចត្រូនិកបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបាន​បន្ដទៀតថា តាម​រយៈការអប់រំផ្សព្វផ្សាយនេះ បងប្អូនប្រជាពលរដ្ឋក៏អាចទាញយកកម្មវិធីនេះ​មកប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃរបស់ខ្លួនដោយឥតគិតថ្លៃ និងអាចទាញយកមកសិក្សារៀនសូត្រ​អំពី​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក និងប្រឡងសាកល្បងដោយខ្លួនឯងបានផងដែរ។

លោក សេន ជាតិវិសុទ្ធ បានបន្ថែមថា យុទ្ធនាការនេះគឺពិតជា​បានជួយរួមចំណែក​អប់រំ​ផ្សព្វ​ផ្សាយ​បណ្តុះ​ស្មារតីរបស់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួឈ្វេងយល់អំពីច្បាប់ចរាចរណ៍​ផ្លូវ​គោក គោរព​ច្បាប់ចរាចរណ៍ និងជាពិសេសជំរុញឱ្យមានការពាក់មួកសុវត្ថិភាព​គ្រប់ពេល​វេលា​នាពេល​ប្រើ​ប្រាស់ទោចក្រយានយន្ត មិនថានៅទីជិត ឬឆ្ងាយ។

សូមបញ្ជាក់ថា យុទ្ធនាការនេះ បានរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការ​ជា​មួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន Michelin ក្រុមហ៊ុនវើលដ៍ប្រ៊ីដត្រេតឌីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំង​មាន​ការចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង និងយុវជនរបស់​សហ​ភាព​សហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន៕

ដោយ ប៊ុនរិទ្ធ